
ដោយៈ ទិន សុខាវុធ
យោងតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណូលជាមធ្យមសំរាប់ពលរដ្ឋកម្ពុជាម្នាក់ៗ (GDP per capita) នៅក្នុងឆ្នាំ ២០១៩ បានកើនដល់ចំនួន $$1,679 ដុល្លារ គឺកើនលើសពីឆ្នាំ ២០១៨ ចនួន $131 ដែលនៅពេលនោះមានចំនួន $1,548 ដុល្លារ។ ចណែកឯអត្រានៃភាពក្រីក្រវិញ ក៏ត្រូវបានកាត់បន្ថយអោយមកនៅក្រោម ១០% ផងដែរ។
តួលេខនេះ ត្រូវបានលោកនាយករដ្ឋមន្ត្រីលើកឡើងនៅក្នុងពិធីរំលឹកខួបលើកទី ៤១ នៃជ័យជំនះ ៧ មករា កាលពីថ្ងៃទី ៧ មករា ឆ្នាំ ២០២០ កន្លងទៅនេះ។
ទន្ទឹមនឹងនេះ សម្តេច ហ៊ុន សែន ក៏បានគូសបញ្ជាក់ផងដែរថា កត្តាដ៏សំខាន់ដែលធានាអោយមានកំនើននៃចំណូលរប់សប្រជាជនកម្ពុជាម្នាក់ៗ ក៏ដូចជាកំណើនសេដ្ឋកិច្ចជាតិទាំងមូលដែរ គឺ «សន្តិភាព» ។ ពោលគឺ សន្តិភាពជាកត្តាកំណត់អោយមានស្ថេរភាពនិងការអភិវឌ្ឍសង្គមមួយប្រកបដោយចិរភាព រួមជាមួយនឹងការរីកចំរើននៃលទ្ធិប្រជាធិបតេយ្យនិងសេរីភាពបានកាន់តែប្រសើរឡើង ពីមួយថ្ងៃទៅមួយថ្ងៃ។ ហើយបើគ្មានសន្តិភាពទេ កម្ពុជានឹងគ្មាននូវអ្វីៗទាំងអស់នេះទេ។
លោកបានបន្ថែមទៀតថា គឺដោយសុខសន្តិភាពនិងស្ថេរភាពនយោបាយនេះហើយ ដែលនៅក្នុងឆ្នាំ ២០១៩ កម្ពុជាបានរក្សានូវកំណើនសេដ្ឋកិច្ចអោយស្ថិតក្នុងរង្វង់ ៧,១ ភាគយ អត្រាអតិរណាមានកំរឹតទាប អត្រាប្តូរប្រាក់មានស្ថិរភាព និងកំណើននៃទុនបំរុងជាតិ។
ជាថ្មីម្តងទៀត លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា រដ្ឋាភិបាលរបស់លោកនឹងខិតខំធ្វើយ៉ាងណា អោយប្រទេសកម្ពុជាបានក្លាយទៅជាប្រទេសចំណូលមធ្យមកំរឹតខ្ពស់នៅក្នុងឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅក្នុងឆ្នាំ ២០៥០ ៕
