We TV Cambodia

ចំណូលពន្ធ អគ្គនាយកដ្ឋានគយ មានការធ្លាក់ចុះ ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែកូវីឌ១៩

ចំណូលពន្ធ អគ្គនាយកដ្ឋានគយ មានការធ្លាក់ចុះ ក្នុងខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែកូវីឌ១៩
រូបភាពឯកសារ

ភ្នំពេញ៖ យោងតាមការថ្លែងរបស់ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានបញ្ជាក់ថា ចំណូលពន្ធគយ មានការធ្លាក់ចុះបន្ដិចបន្ដួច នៅខែកុម្ភៈ ឆ្នាំ២០២០ ដោយសារតែបញ្ហា កូវីឌ១៩។ ការលើកឡើងនេះត្រូវបាន ធ្វើឡើងនាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ក្នុងពិធីសន្និសីទសារព័ត៌មានរបស់អង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។

លោក គុណ ញឹម បានបញ្ជាក់ឲ្យដឹងថា ការប្រមូលចំណូលគយខែមករាគឺល្អ ប៉ុន្ដែនៅក្នុង ខែកុម្ភៈ គឺមានផលប៉ះពាល់ខ្លាំង ពីការធ្លាក់នៃវិស័យទេសចរណ៍ផង កូវីដ១៩ផង ទើបធ្វើឲ្យខែកុម្ភៈនេះចំណូលទាបជាងផែនការបន្ដិច។ ក្នុងឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មានផែនការដែលកំណត់ដោយច្បាប់ហរិញ្ញវត្ថុ គឺត្រូវប្រមូលឲ្យបានជាង២,៩០០លានដុល្លារ គិតជាមធ្យមប្រចាំខែត្រូវប្រមូលឲ្យបានជិត២៥០លានដុល្លារ។ សម្រាប់ខែ១ គឺប្រមូលបាន២៥៥លានដុល្លារ លើសផែនការបន្ដិច ហើយសម្រាប់ខែកុម្ភៈនេះ គឺប្រមូលបានតែ ២៣៥លានដុល្លារតែប៉ុណ្ណោះ ។

គូសបញ្ជាក់ផងដែរថា ចំណូលពន្ធគយ ឆ្នាំ២០១៩ មានចំនួន ៣,២១៥លានដុល្លារ ដែលចំនួននេះលើសផែនការ ក្នុងច្បាប់ថវិកាជាតិ ឆ្នាំ២០១៩ រហូតដល់ជិត១ពាន់លានដុល្លារ។ ប្រភេទពន្ធសំខាន់ៗ ដែលធ្វើ ឲ្យមានការកើន ចំណូលមានដូចជា ពន្ធនាំចូលបាន ៥៩៣លានដុល្លារ កើនឡើង៣០.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៨, ពន្ធអាករពិសេសមានប្រមាណ១,៣២០លានដុល្លារ កើនឡើង ៣៣ភាគរយ ហើយពន្ធអាករលើតម្លៃបន្ថែមគឺប្រមូលបាន ១,១៥៣លានដុល្លារ កើនឡើងជិត ២៩ភាគរយ។

ប្រភេទទំនិញ មានដូចជា៖ យានយន្ដ និងគ្រឿងចក្រ ប្រមូលចំណូលបាន ១,៦៩៣,៧លានដុល្លារ មានកំណើនជិត៥០ភាគរយ, ប្រេងឥន្ធនៈ និងថាមពល ជាប្រភេទទំនិញខ្លាំងទី២ ប្រមូលចំណូលពន្ធបាន ៥៣៧លានដុល្លារ កើនឡើងជិត១៤ភាគរយ និងទំនិញចម្រុះរួមទាំងគ្រឿងសំណង់ ប្រមូលបានចំនួន ៩៨៤លានដុល្លារ ដែលកើតឡើង ដល់ទៅ ១៤ភាគរយ។

អត្ថបទដោយ៖ Stince

ប្រភពក្នុងស្រុក

Related Articles