ដោយៈ ទិន សុខាវុធ
នៅក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ រាជរដ្ឋាភិបាលប្រមូលពន្ធបានប្រមាណជាជាង $6,000 លានដុល្លារ គឺកើនលើសផែនការដែលបានគ្រោងទុក យោងតាមតួលេខរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ជាក់ស្តែង ចាប់តាំងពីខែមករា រហូតដល់ខែធ្នូ ក្នុងឆ្នាំ ២០១៩ អគ្គនាយកដ្ឋានពន្ធដារ និងអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលសុទ្ធតែនៅក្រោមឱវាទរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រមូលពន្ធបានលើសផែនការបានចំនួន $1,485 លានដុល្លលារ។
តាមការគ្រោងទុក រាជរដ្ឋាភិបាលបានកំណត់ថា ចំណូលពន្ធក្នុងឆ្នាំ ២០១៩ អាចកើនដល់ចំនួន $4,560 លានដុល្លារ ដែលនៅក្នុងនោះ ចំណូលពន្ធប្រមាណជា $2,260 លានដុល្លារ នឹងបានមកពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករ និងចំណូលពន្ធប្រមាណជា $2,300 លានដុល្លារទៀត នឹងបានមកពីអគ្គនាយកដ្ឋានពន្ធដារ។
ទាក់ទងនឹងបញ្ហានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានលើកឡើងថា អគ្គនាយកដ្ឋានពន្ធដារបានប្រមូលពន្ធលើសការគ្រោងទុកប្រមាណជា $900 លានដុល្លារ ចំណែកឯខាងអគ្គនាយកដ្ឋានគយវិញ បានប្រមូលពន្ធលើសផែនការបានប្រមាណជា $500 លានដុល្លារ។
លោកនាយករដ្ឋមន្ត្រីបានអោយដឹងទៀតថា ចំណូលពន្ធលើសការគ្រោងទុកនេះ ជាលទ្ធផលបានមកពីកម្មវិធីកែទំរង់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណរបស់រាជរដ្ឋាភិបាល ជាពិសេសគឺការធ្វើឌីជីតល់ភាវូបនីយកម្មប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ។
ជាលទ្ធផល លោកនាយករដ្ឋមន្ត្រីបានលើកឡើងថា ចំណូលពន្ធលើសផែនការនេះ បង្ហាញថា កម្ពុជាបាននិងកំពុងក្លាយទៅជាប្រទេសមួយ ដែលប្រកាន់នូវវប្បធម៌បង់ពន្ធ ដូចជាប្រទេសដទៃទៀត នៅជុំវិញពិភពលោកយើងនេះដែរ៕
