We TV Cambodia

ចំណុចសំខាន់២ ដែលអ្នកត្រូវពិចារណាមុនសម្រេចចិត្តបង់ផ្ទះដោយគ្មានប្រាក់កក់

ចំណុចសំខាន់២ ដែលអ្នកត្រូវពិចារណាមុនសម្រេចចិត្តបង់ផ្ទះដោយគ្មានប្រាក់កក់

ការមានផ្ទះផ្ទាល់ខ្លួនជារឿងដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់បាន ពិសេសអ្នកមានគ្រួសារតែម្ដង ប៉ុន្តែការរកលុយដើម្បីមកទិញផ្ទះជារឿងដ៏លំបាកមួយ ព្រោះថាបច្ចុប្បន្នផ្ទះមានតម្លៃមិនក្រោម ៥ម៉ឺនដុល្លារនោះទេ។ ប៉ុន្តែវាក៏មានភាពធូរស្រាលបន្តិច ដោយសារបច្ចុប្បន្នអ្នកអាចបង់រំលោះដោយមិនមានការប្រាក់ជាមួយធនាគារបាន។

ទោះជាយ៉ាងនេះក្ដី អ្នកក៏ត្រូវពិចារណាឲ្យបានល្អិតល្អន់ផងដែរ ព្រោះថាគ្មានអ្វីដែលបានមកដោយងាយស្រួលនោះទេ ខណៈដែលអ្នកបង់រំលោះដល់រាប់ឆ្នាំឯណោះ។ ខាងក្រោមនេះ ជាចំណុចសំខាន់២ ដែលអ្នកត្រូវគិតមុនសម្រេចចិត្តបង់រំលោះផ្ទះ ដោយគ្មានប្រាក់កក់៖

១, បង់លើសពីតម្លៃផ្ទះទ្វេដង៖ ការបង់ផ្ទះដោយគ្មានប្រាក់កក់ អ្នកត្រូវបង់ក្នុងរយៈពេលយូរ រួមនិងការប្រាក់ផងដែរ ហើយទម្រាំតែបង់ចប់ចំនួនលុយដែលអ្នកចំណាយសរុបកើនលើសតម្លៃផ្ទះទ្វេដងឯណោះ។ ឧទាហរណ៍៖ បើអ្នកទិញផ្ទះតម្លៃ ៧០,០០០ដុល្លារ ដោយគ្មានប្រាក់កក់ ហើយអ្នកត្រូវបង់ក្នុងរយៈពេល ១៥ឆ្នាំ ហើយទម្រាំតែអ្នកបង់ដាច់ នោះទាំងដើម ទាំងការ អ្នកត្រូវចំណាយចន្លោះពី ១០០,០០០ដុល្លារ ទៅ ១២០,០០០ដុល្លារឯណោះ អាស្រ័យតាមអត្រាការប្រាក់ដែលបានព្រមព្រៀងជាមួយធនាគារ។

២, ប្រាក់ចំណូល៖ អ្នកត្រូវមើលចំណុចនេះឲ្យបានច្បាស់ មុនសម្រេចចិត្តបង់រំលោះផ្ទះគ្មានប្រាក់កក់ ព្រោះដូចបានបញ្ជាក់ក្នុងចំណុចទី១ ថាការបង់ផ្ទះដោយគ្មានប្រាក់កក់គឹមានរយៈពេលយូរខ្លាំងណាស់ ហើយបើឧទាហរណ៍ថា អ្នកទិញផ្ទះតម្លៃ ៧០,០០០ដុល្លារ ហើយចង់បង់សម្រាប់រយៈពេល ១៥ឆ្នាំ នោះអ្នកត្រូវបង់ចន្លោះពី ៥៥៥ដុល្លារ ដល់ ៦៦៦ដុល្លារជារៀងរាល់ខែរយៈពេល ១៥ឆ្នាំ។ ដូច្នេះ វាជាបន្ទុកធ្ងន់ណាស់សម្រាប់អ្នក ហើយនេះមិនទាន់គិតទាំងការចំណាយប្រចាំថ្ងៃក្នុងគ្រួសារផង ដែលនេះបង្ហាញថា ចំណូលរបស់អ្នកយ៉ាងតិចបំផុតក៏ ១,០០០ដុល្លារដែរក្នុងមួយខែ។

អត្ថបទដោយ៖ Nevin

Related Articles