We TV Cambodia

ចំណុចដែលបុរសទ្រូងប្រាំហត្ថមិនគួរធ្វើ

ចំណុចដែលបុរសទ្រូងប្រាំហត្ថមិនគួរធ្វើ

តើ​មនុស្ស​ប្រុស​ក្លាយ​ជា​មនុស្ស​ចាស់​ចិត្ត​ចាស់​គំនិត​នៅ​ពេល​ណា? ហើយ​តើ​លក្ខណ​សម្បត្តិ​អ្វី​ខ្លះ​ដែល​សម្គាល់​ថា មនុស្ស​ប្រុស​ម្នាក់​មាន​ភាព​ចាស់​ចិត្ត​ចាស់​គំនិត (បុរស​ពិត)? ខាង​ក្រោមនេះ គឺ​ជា​លក្ខណៈ ៧​យ៉ាង ដែល​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​បុរស​ដែល​មាន​ឫកពារ​ចាស់​ចិត្ត​ចាស់​គំនិត និង​បុរស​ដែល​មិន​ទាន់​ចាស់​ចិត្ត​ចាស់​គំនិត។

១,មិន​រិះគន់​រូប​សម្បត្តិ​នារី​ជា​ដាច់​ខាត ! 

«បើអូនឯងរៀងស្គមជាងនេះបន្តិចប្រាកដជាស្អាត !» បុរសដែលស្រលាញ់អ្នកពិតប្រាកដនឹងមិននិយាយបែបនេះអំពីរូបសម្បត្តិរបស់អ្នកឡើយ ! បុរសចាស់ចិត្តចាស់គំនិត គឺមិនរិះគន់ដៃគូដើម្បីចង់បង្ហាញថាខ្លួនគាត់គ្រាន់បើជាងឡើយ។

២,មិន​រំលោភ​ភាព​ឯកជន​របស់​អ្នកណា​ឡើយ

ប្រសិនបើអ្នកមានទំនាក់ទំនងល្អ អ្នកមិនចាំបាច់ត្រូវលាក់បាំងអ្វីពីគ្នាទៅវិញទៅមកទេ ទោះជាសារតាមហ្វេសប៊ុកក្ដី ឬសារក្នុងទូរស័ព្ទក្ដី។ ប៉ុន្តែ នេះមិនមែនមានន័យថា ដៃគូរបស់អ្នកអាចលូកហោប៉ៅរបស់អ្នក ឬអានសារផ្ទាល់ខ្លួនរបស់អ្នកបាននោះទេ។ ធ្វើបែបនេះ វាបង្ហាញថា បុរសជាដៃគូរបស់អ្នកមានចិត្តសង្ស័យ និងខ្វះការគោរពចំពោះរូបអ្នក។

៣,មិន​រត់​គេច​ពី​ការ​លំបាក

កាលយើងនៅពីក្មេង យើងចូលចិត្តសម្ងំនៅម្នាក់ឯងនៅពេលជួបការលំបាក។ ប៉ុន្តែ ជាបុរសពិតដែលមានចិត្តគំនិតចាស់ទុំ គាត់ប្រាកដជាដឹងច្បាស់ថា វិធីដែលល្អបំផុតដើម្បីដោះស្រាយបញ្ហាណាមួយ ទោះជាបញ្ហាផ្ទាល់ខ្លួនក្ដី បញ្ហាគ្រួសារក្ដី ឬបញ្ហាការងារក្ដី គឺប្រឈមនឹងបញ្ហានោះ មិនមែនរត់គេចចេញពីវាឡើយ។

៤,បុរស​មាន​ភាព​ចាស់​ទុំ​មិន​គិត​ថា ការ​បង្ហាញ​មនោ​សញ្ចេតនា​ជា​សញ្ញា​នៃ​ភាព​ទន់​ជ្រាយ​នោះ​ទេ

ធ្វើជាបុរសពិតមិនមែនបានន័យថា ត្រូវតែចេះទប់អារម្មណ៍ មិនចេះសើចយំនោះទេ។ បុរសពិត មិនខ្លាចអ្នកណារិះគន់ចំពោះការចេះបង្ហាញអារម្មណ៍ និងភាពទន់ភ្លន់ ឬរ៉ូមែនទិកឡើយ។ រូបគេដឹងថា គ្រាន់តែបង្ហាញមនោសញ្ចេតនា (អារម្មណ៍) មិនធ្វើឲ្យបាត់បង់ភាពជាបុរសទេ ប៉ុន្តែ ផ្ទុយទៅវិញ វាជាផ្នែកមួយនៃការកសាងនូវទំនាក់ទំនងដ៏ល្អមួយ។

៥,បុរស​ចាស់​ចិត្ត​ចាស់​គំនិត​មិន​មែន​គិត​តែ​ថ្ងៃ​នេះ​ប៉ុណ្ណោះ​នោះ​ទេ ! 

មនុស្សប្រុសខ្លះអាចចាយលុយផឹកស៊ីនៅហាងថ្លៃមួយយប់អស់ប្រាក់រលីង ដោយមិនគិតខ្វល់ពីផលវិបាកឡើយ។ ឬបុរសខ្លះទៀតជប់លៀងផឹកស៊ីកពាក់កណ្ដាលសប្ដាហ៍ រួចហើយសុំច្បាប់សម្រាកពីការងារនៅថ្ងៃបន្ទាប់។ មនុស្សប្រុសទាំងនេះហាក់មិនខ្វល់ធ្វើផែនការអនាគត ឬគិតគូរពីថ្ងៃស្អែកឡើយ។ និយាយបែបនេះមិនមែនបានន័យថា មនុស្សប្រុសមិនត្រូវសប្បាយសោះនោះទេ ប៉ុន្តែ ធ្វើអ្វីក៏ដោយក៏គួរតែគិតពីផលវិបាក ឬគិតពីអនាគតផង។

៦,បុរស​មាន​ភាព​ចាស់ទុំ គឺ​តែង​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​ម្ដាយ

បុរសចាស់ទុំចិត្តគំនិត តែងតែផ្ដល់ពេលវេលាខ្លះសម្រាប់ឪពុកម្ដាយ។ គាត់យល់ថា ការចំណាយពេលមើលថែទាំអ្នកដែលបានថែទាំគាត់ជាច្រើនឆ្នាំង គឺជាកិច្ចការសំខាន់។

៧,បុរសចាស់ទុំ​មាន​ការ​គោរព​ចំពោះ​អ្នក​និង​មិន​វាយ ឬ​ប្រមាថ​នារី​ឡើយ

អំពើហិង្សាគឺរាប់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ ប្រសិនបើអ្នកទទួលរងអំពើហិង្សាពីដៃគូ ឬស្វាមីរបស់អ្នក អ្នកត្រូវចាកចេញពីបុរសនោះភ្លាម ! បុរសដែលចាស់ចិត្តចាស់គំនិត គឺមិនវាយស្ត្រីជាដាច់ខាត ទោះបីរូបគេខឹងខ្លាំងយ៉ាងណាក៏ដោយ។

ប្រែសម្រួលដោយ៖​ ​​ពិសី

 

Related Articles