We TV Cambodia

ចុម….!ជម្ងឺ​ Lassa កំពុងសម្លាប់មនុស្សអស់ ២៩នាក់ និងបន្ដឆ្លងរាតត្បាត ១៩៥ ករណី នៅបែកអាព្រិកខាងលិច

ចុម….!ជម្ងឺ​ Lassa កំពុងសម្លាប់មនុស្សអស់ ២៩នាក់ និងបន្ដឆ្លងរាតត្បាត ១៩៥ ករណី នៅបែកអាព្រិកខាងលិច

បរទេស៖ ជម្ងឺគ្រុនក្ដៅមួយប្រភេទ ឈ្មោះថា Lassa កំពុងវាយប្រហារ សម្លាប់ប្រជាជន នីហ្សេរីយ៉ា អស់ចំនួន ២៩នាក់ និងបន្ដរាតត្បាតចំនួន ១៩៥ករណីទូទាំងប្រទេសមួយនេះ ក្នុងទ្វីបអាព្រិកខាងលិច។ របាយការណ៍ពីភ្នាក់ងារសារព័ត៌មានអន្ដរជាតិ បានបង្ហាញឲ្យដឹងថា អាជ្ញាធរ នីហ្គារីយ៉ា បានចាត់វិធាន​ការ ប្រកាសទៅដល់ ភ្នាក់ងារសង្គ្រោះ ឲ្យបង្កើនការទប់ស្កាត់ ដើម្បីធានានូវការរារាំងឲ្យបាន ពីការរាត​ត្បាតជម្ងឺគ្រុនក្ដៅមួយនេះ។

គិតត្រឹមតែថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ សេចក្ដីថ្លែងការរបស់ មជ្ឈមណ្ឌល គ្រប់គ្រងការពារជម្ងឺ របស់ នីហ្សេរីយ៉ា បានបង្ហាញថា ជម្ងឺមួយនេះបានសម្លាប់មនុស្សដល់ទៅ២៩នាក់ និងបន្ដរាតត្បាត កើនដល់១៩៥ករណី ក្នុងខែមករា នេះ។

ប្រភពនៃជម្ងឺគ្រុនក្ដៅ Lassa នេះគឺត្រូវបានគេកំណត់សំគាល់ថា ចេញពីទីក្រុង Lassa បែកខាងជើងនៃប្រទេស នីហ្សេរីយ៉ា ហើយឈ្មោះរបស់វាត្រូវបានគេកំណត់ជាលើកទី១ តាមឈ្មោះទីក្រុង កាលពីឆ្នាំ ១៩៦៩ មកម្ល៉េះ។ ហើយបច្ចុប្បន្ន ជម្ងឺនេះវាកំពុងតែរាតត្បាតទូទាំង នីហ្សេរីយ៉ាទាំងមូលហើយ។ ជាបន្ទាប់ ក្នុងឆ្នាំ២០១៦ ជម្ងឺមួយនេះ ត្រូវបានគេរាយការណ៍ថា វាបានសម្លាប់មនុស្សចំនួន ៩នាក់ ក្នុងតំបន់​មួយចំនួន ដូចជា Sierra Leone, Liberia, Togo និង Benin។ ប្រភពភ្នាក់ងារបានបន្ដទៀតថា ជម្ងឺនេះ មានទម្រង់លក្ខណៈស្រដៀងគ្នាទៅនឹង ជម្ងឺ អ៊ីបូឡា និង ម៉ាប៊ើច ប៉ុន្ដែវា ទើបតែសម្លាប់មនុស្ស មិន​ច្រើនដូចជម្ងឺទាំងពីរនោះទេ។

អ្នកផ្ទុកជម្ងឺ Lassa មានអាការៈរោគសញ្ញាដូចជា អស់កម្លាំង ក្អួតចង្អោ ឈឺក្បាលពោះ ឈឺបំពង់ករ និងពេលខ្លះ អាចឈានទៅដល់ការហើម មុខមាត់។ កត្តាដែលអាចបណ្ដាលឆ្លងជម្ងឺ គឺ ការប្រើប្រាស់ សម្ភារៈរួមជាមួយអ្នកជម្ងឺ ការប៉ះពាល់សារធាតុរាវទាំងឡាយ ដែលចេញពីខ្លួនអ្នកជម្ងឺ។

របាយការណ៍ពីខាង មជ្ឈមណ្ឌលគាំពារជម្ងឺ របស់ អាមេរិក US Centers for Disease Control and Prevention (CDC) បានបង្ហាញឲ្យដឹងថា ជារៀងរាលឆ្នាំ ជម្ងឺនេះបានវាយលុក នៅបែកអាព្រិកខាងលិច មានអត្រាចន្លោះពី ១០ម៉ឺននាក់ ទៅ ៣០ម៉ឺននាក់ ក្នុងនោះ​មានអ្នកស្លាប់ដល់ទៅ ៥ពាន់នាក់។

ប្រែសម្រួលដោយ៖ អឿ អ៊ុយ

ប្រភព៖ aljazeera

Related Articles