We TV Cambodia

ចិនសន្យាផ្ដល់វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា និងចាត់ទុកកម្ពុជាជាមិត្តដែកថែប

ចិនសន្យាផ្ដល់វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា និងចាត់ទុកកម្ពុជាជាមិត្តដែកថែប

ចិនសន្យាថានឹងផ្ដល់វ៉ាក់សាំងកូវីដ១៩ ដល់កម្ពុជា នៅពេលនាដែលមានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលអាចប្រើប្រាស់ជាផ្លូវការបាន។ នេះបើយោងតាមការលើកឡើងរបស់ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃនេះ។

 

ឯកឧត្តម វ៉ាង យី បានបញ្ជាក់ច្បាស់ៗថា រដ្ឋាភិបាល និងប្រជាជនចិន ចងចាំមិនភ្លេចឡើយនូវដំណើរទស្សនកិច្ចរបស់សម្ដេច ហ៊ុន សែន កាលពីខែកុម្ភៈ ឆ្នាំ២០២០ កន្លងមកទៅនេះ។ ឯកឧត្តមបន្តថា វិនិយោគចិននៅកម្ពុជាមិនបានប៉ះពាល់ដោយ COVID-19 នោះទេ ប៉ុន្តែកាន់តែមានច្រើនថែមទៀតក្នុងការមកវិនិយោគនៅកម្ពុជា ហើយមិត្តចិនបានប្រគល់នូវកំណត់ទូតអំពីជំនួយឥតសំណងសម្រាប់គម្រោងប្រញាប់ក្នុងការអភិវឌ្ឍកម្ពុជា ដែលមានទឹកប្រាក់ចំនួន ១៤០លានដុល្លារផងដែរ។

 

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដីការបរទេសចិនក៏បានសន្យានាំចូលកសិផលកម្ពុជាថែមទៀតដែលមានគុណភាព តាមសំណើរបស់កម្ពុជា ជាពិសេសចិននឹងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗទៀត។ មិនតែប៉ុណ្ណោះ  ឯកឧត្តម ក៏បានកោតសរសើរសម្ដេចនាយករដ្ឋមន្រ្ដី ដែលបានទប់ស្កាត់ COVID-19 បានយ៉ាងជោគជ័យ ហើយចាត់ទុកការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិននៅថ្ងៃនេះ គឺដោយសារសម្ដេច ហ៊ុន សែន និងឯកឧត្តម ហោ ណាំហុង ដែលបានខិតខំនាពេលកន្លងមក។

 

សូមជម្រាបថា ប្រទេសចិនធ្លាប់បានប្រកាសរួចមកហើយថា ខ្លួនបានតេស្តសាកល្បងវ៉ាក់សាំងកូវីដ១៩ លើមនុស្សបានដោយជោគជ័យ ដូចជារុស្ស៊ីដែរ ប៉ុន្តែទោះជាយ៉ាងណា គិតមកទល់ពេលនេះ WHO មិនទាន់ប្រកាសពីការទទួលស្គាល់វ៉ាក់សាំងណាមួយជាផ្លូវការនៅឡើយទេ។

អត្ថបទដោយ៖ Nevin

Related Articles