We TV Cambodia

ចិននៅតែមានសេដ្ឋកិច្ចកើនឡើងទោះបីជាសង្គ្រាមពណិជ្ជកម្មមានស្ថានភាពក្តៅគគុកយ៉ាងណាក្តី

ចិននៅតែមានសេដ្ឋកិច្ចកើនឡើងទោះបីជាសង្គ្រាមពណិជ្ជកម្មមានស្ថានភាពក្តៅគគុកយ៉ាងណាក្តី

ដោយ៖ឧត្តម

ប៉េកាំង៖ ទោះបីជាជាកំពុងមានសង្រ្គាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រទេសចិននៅតែត្រូវបានក្រុមអ្នកជំនាញជាច្រើនមើលឃើញថា កំពុងរក្សាបាននូវការសន្យារបស់ខ្លួន ក្នុងការបង្កើនផលិតផលនៅក្នុងស្រុកសរុប ឬ GDP ក្នុងរង្វង់ទ្វេដង និងចំណូលក្នុងរយៈពេលមួយទសវត្សរ៍ ដើម្បីសម្រេចមហិច្ឆតាក្លាយជា «មហាអំណាចសេដ្ឋកិច្ចលេខមួយ នៅលើពិភពលោក» ជំនួសសហរដ្ឋអាមេរិកនៅពេលអនាគត។

សេដ្ឋកិច្ចចិនចាប់ផ្ដើមមានការរីកចម្រើនខាំ្លងគួរឱ្យកត់សម្គាល់ ចាប់តាំងពីឆ្នាំ១៩៧៨ តាមរយៈកំណែទម្រង់សេដ្ឋកិច្ចបើកចំហទីផ្សារ ដឹកនាំដោយអតីតមេដឹកនាំចិនលោក តេង ស៊ាវពីង ហើយសន្ទុះនៃការរីកចម្រើននេះនៅតែបន្តទៅមុខជានិច្ច ដោយសារតែការទាញយកប្រយោជន៍ ពីកម្លាំងពលកម្មមានតម្លៃថោក ការបន្ទាបតម្លៃលុយយ័ន ព្រមទាំងការពង្រឹងប្រព័ន្ធរោងចក្រ ដើម្បីបង្កើនការលក់ផលិតផលរបស់ខ្លួន នៅជុំវិញពិភពលោក។ ការធ្វើកំណែទម្រង់ទាំងនេះបានប្រែក្លាយចិន ពីប្រទេសអ្នកក្រឱ្យក្លាយទៅជាមហាអំណាចសេដ្ឋកិច្ច ខណៈសព្វថ្ងៃចិនត្រូវបាន គេសង្កតឃើញថា កំពុងដើរនៅលើផ្លូវទៅកាន់តំណែងជាមហាអំណាចសេដ្ឋកិច្ចលេខ ១ ទើបធ្វើឲ្យសហរដ្ឋអាមេរិកប្រឹងបង្កសង្គ្រាមសេដ្ឋកិច្ចខ្លាំងបែបនេះ។

ចិនបានឡើងមកតំណែងជំនួសជប៉ុន ជាមហាអំណាចសេដ្ឋកិច្ចលេខ ២ នៅលើពិភពលោកកាលពីឆ្នាំ២០១០ ជាមួយ GDP សរុប ១៣.១ ទ្រីលានដុល្លារ និងកំពុងដេញប្រកៀកតាមពីក្រោយសហរដ្ឋអាមេរិក។ ក្រុមអ្នកជំនាញរំពឹងថា កំណើនសេដ្ឋកិច្ចចិននឹងមានការរីកច្រើនប្រមាណ ៦ភាគរយបន្ថែមទៀតនៅឆ្នាំ២០២០ ហើយដែលនឹងអាចទៅដល់គោលដៅ បង្កើនកំណើនសេដ្ឋកិច្ចទ្វេដងពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០។ តែយ៉ាងណាក៏ដោយ ដើម្បីសម្រេចមហិច្ឆតានេះ ចិនត្រូវដោះស្រាយបញ្ហាស្មុគស្មាញ ក៏ដូចជាត្រូវប្រឈមមុខនឹងឧបសគ្គជាច្រើន ជាពិសេសគឺត្រូវហែលឆ្លងសង្រ្គាមពាណិជ្ជកម្ម ដែលសហរដ្ឋអាមេរិកជាអ្នកបង្កនេះតែម្ដង។

* ប្រព័ន្ធពន្ធគយចិនកំពុងរងផលប៉ះពាល់

លោក ម៉ៃឃើល យ៉ូហ្ស៊ីកាមិ (Michael Yoshikami) ជាស្ថាបនិកក្រុមហ៊ុន Destination Wealth Management មានមូលដ្ឋាននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ និងកំពុងរកស៊ីវិនិយោគជាមួយចិនយល់ថា ចិនគឺជាប្រជាជាតិឈានមុខមួយខាងអប់រំ និងបច្ចេកវិទ្យាច្នៃប្រឌិត។ តែក៏កំពុងរងផលប៉ះពាល់ពីសង្រ្គាម ពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងការកើនឡើងនៃតម្លៃពលកម្ម ព្រមទាំងភាពយឺតយ៉ាវនៃការផលិត។

លោក Yoshikami បានលើកឡើងយ៉ាងដូច្នេះថា «សេដ្ឋកិច្ចចិនបានដាក់គោលដៅ កំណើន ៧ភាគរយ។ វាបាននិងកំពុងកើនឡើង ១៤ភាគរយហើយបើវាកើនឡើងត្រឹម ៦ភាគរយ ក៏នៅតែជាអត្រាខ្ពស់ដដែល តែទន្ទឹមគ្នាអ្នកក៏នឹងបានឃើញ ការយល់ឃើញអវិជ្ជមានជាច្រើនផងដែរ។ ជាក់ស្ដែងបើអ្នកជជែកជាមួយប្រជាជននៅក្នុងប្រទេសចិន ប្រជាជនធម្មតាមិនមានសុទិដ្ឋិនិយមនោះទេ ហើយអ្វីដែលពួកគេមើលឃើញថា អវិជ្ជមានបំផុតនោះគឺសង្រ្គាមពាណិជ្ជកម្ម»។

លោកបន្ថែមថា សង្រ្គាមពាណិជ្ជកម្ម បានធ្វើឱ្យម្ហូមអាហារ ជាពិសេសតម្លៃសាច់ជ្រូក ឡើងថ្លៃដល់ទៅ១០០ភាគរយ ដែលធ្វើឱ្យប្រជាជនចិនខ្លះ ត្រូវផ្លាស់ប្ដូររបបអាហារ ដោយសារតែពួកគេមិនមានលទ្ធភាពទិញផលិតផលទាំងនេះ។ ប៉ុន្តែ លោក Yoshikami យល់ថាផ្អែកលើបច្ចេកវិទ្យា សព្វថ្ងៃ ប្រជាជនចិនអាចទិញម្ហូបអាហារនៅលើកម្មវិធី AliExpress ដែលផ្ដល់នូវផលិផលមានតម្លៃថោក និងមិនគិតសេវាដឹកជញ្ជូន។

* ការទាញយកចំណូលរបស់ចិនពីផ្នែកពន្ធគយ

កំណើនចំណូលសារពើពន្ធបានថយចុះពី ១២ភាគរយកាលពីឆ្នាំ២០១៨ មកនៅត្រឹម ៦ភាគរយនៅឆ្នាំ២០១៩, នេះបើតាមក្រុមហ៊ុនណូមួរ៉ា (Nomura Global Economics) ដោយផ្អែកលើទិន្នន័យកាលពីខែតុលា។ បន្ថែមពីលើនេះ ការនាំចេញរបស់ចិនបានថយចុះ ០.៣ភាគរយនៅខែវិច្ឆិកា បន្ទាប់ពីបានកើនឡើង ៩.៩ភាគរយកាលពីឆ្នាំមុន តែអ្នកជំនាញសេដ្ឋកិច្ចមកពីក្រុមហ៊ុន Nomura លោក ទីង លូ (Ting Lu) យល់ថា ខណៈកំពុងប្រឈមមុខនឹងបញ្ហា ទីក្រុងប៉េកាំងគួរតែប្រឹងប្រែងបន្ថែមឡើង ដើម្បីជំរុញកំណើនឡើងវិញ។

* ចិនត្រូវបង្កើនអត្រាប្រជាជននៅតាមទីក្រុងធំៗ

បើក្រឡេកទៅមើលភាពពិតជាក់ស្ដែង ចិននៅត្រូវការពេលវេលាយូរគួរសម ដើម្បីតាមឱ្យទាន់ ឬវ៉ាដាច់សហរដ្ឋអាមេរិក ហើយក្លាយជាមហាអំណាចសេដ្ឋកិច្ចលេខមួយ នៅលើពិភពលោក។ បើតាមធនាគារ ម័រហ្គែន ស្ទេនឡេយ (Morgan Stanley) ចិនកំពុងបង្កើនចំនួនប្រជាជននៅតាមទីក្រុងធំៗចំនួន ២៣។

ក្នុងចំណោមទីក្រុងទំាង ២៣ នេះមានមួយចំនួននឹងក្លាយជាទីក្រុង ដែលមានប្រជាជនច្រើនជាងទីក្រុងញូយ៉កទៅទៀត ហើយគ្រាន់តែទីក្រុងចំនួន ០៥ នឹងមានប្រជាជន ១២០លាននាក់។ ម្យ៉ាងវិញទៀតតាមរយៈការទាក់ទាញកម្មករ ពីតំបន់ជនបទមកកាន់ទីប្រជុំជននឹងធ្វើឱ្យទីក្រុងធំៗ អាចបង្កើនកម្លំាងពលកម្ម ឬជំនួសប្រជាជនមានវ័យចំណាស់ ដែលកំពុងដាក់បន្ទុកលើសេដ្ឋកិច្ចចិន។

* បច្ចេកវិទ្យា 5G ដែលចិនកំពុងនាំមុខគេស្រាប់

ចិនបច្ចុប្បន្នកំពុងអភិវឌ្ឍយ៉ាងខ្លាំងលើវិស័យបច្ចេកវិទ្យា 5G ជាផ្នែកមួយនៃការធ្វើទំនើបកម្ម និងកិច្ចខិតខំប្រឹងប្រែងលើវិស័យរូបនីយកម្ម។ បច្ចេកវិទ្យា 5G របស់ចិន តែវានៅតែអាចទាក់ទាញក្រុមហ៊ុន និងដៃគូវិនិយោគជាច្រើននៅទូទាំងពិភពលោក ទោះបីជាកំពុងរងសម្ពាធពីសហរដ្ឋអាមេរិកក្តី។ តែទោះជាវិស័យនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក៏ដោយ ក៏លោក Yoshikami យល់ថា ការវិនិយោគនៅក្នុងប្រទេសចិន គឺជាល្បែងមួយដ៏គ្រោះថ្នាក់ពីព្រោះអ្នកវិនិយោគអាច នឹងស្ថិតនៅចំកណ្ដាលនៃទីផ្សារកំពុងអភិវឌ្ឍ និងទីផ្សារអភិវឌ្ឍ។

គួរបញ្ជាក់ថា ទោះបីជាបញ្ហាទាំងឡាយខាងលើនេះ ហាក់កំពុងស្ថិតនៅជាឧបសគ្គធំ សម្រាប់ការសម្រេចមហិច្ឆតារបស់ចិនក្តី ប៉ុន្តែប្រទេសចិននៅមានក្តីរំពឹងផ្សេងទៀត នោះគឺការដោះស្រាយសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មតំណាក់កាលទី ១ ដែលនឹងត្រូវចុះហត្ថលេខាជាផ្លូវការ នៅខែមករា ឆ្នាំ២០២០។ ខណៈសហរដ្ឋអាមេរិកគ្មានថ្ងៃចង់ឲ្យចិនដណ្តើមលេខ ១ ពីខ្លួនយ៉ាងណាក៏ដោយ ក៏អាមេរិកមិនអាចធ្វើបាបខ្លួនឯងខ្លាំងជ្រុសហួស ដោយសារតែសង្គ្រាមពាណិជ្ជកម្មជាមួយចិន ដែលជាដៃគូសំខាន់បំផុតរបស់ខ្លួននោះឡើយ៕

ប្រភព៖ CNBC (ថ្ងៃអង្គារ ទី២៤ ខែធ្នូ ឆ្នាំ២០១៩)

Related Articles