ករណីឆ្លងជំងឺកូវីដ១៩ដំបូង ត្រូវបានគេផ្សារភ្ជាប់ប្រភពរបស់វាជាមួយនឹង “ទីផ្សារលក់សាច់ឆៅ” មួយនៅក្នុងទីក្រុង«វូហាន» ប្រទេសចិន។ ហើយការប្រឈមមុខកាន់តែខ្លាំងទៅនឹងការរិះគន់ពីសំណាក់អន្តរជាតិជុំវិញករណីផ្ទុះឡើងជំងឺកូវីដនេះ ចិនក៏បានរុញច្រាន និងបដិសេធមកវិញដូច្នេះថា៖
វីរុសនេះមានប្រភពនៅបរទេស ហើយវាត្រូវបានគេធ្វើឡើងក្នុងគោលបំណងបញ្ជូនឱ្យមកចម្លង និងឆ្លងរាតត្បាតនៅប្រទេសចិន តាមរយៈការវេចខ្ចប់អាហារក្លាសេរួមមាន ស្លាបមាន់ពីប្រេស៊ីល មឹកពីរុស្ស៊ី បង្គាពីអេក្វាឌ័រ សាច់ជ្រូកពីអាល្លឺម៉ង់ សាច់គោពីអូស្រ្តាលី និងត្រីសាល់ម៉ុនមកពីន័រវែសជាដើម។ ហើយភស្តុតាងជាច្រើននេះបានបញ្ជាក់ថា អាហារក្លាសេនាំចូលទាំងនោះហើយ ដែលជាប្រភពដើមពិតប្រាកដនោះ។ នេះបើយោងតាមតាមចុះផ្សាយរបស់សារព័ត៌មាន nzherald ប្រទេសចិនបង្វែរការចោទប្រកាន់ដែលថាទីក្រុងវូហាន ជាប្រភពនៃវីរុសកូរ៉ូណាឬកូវីដ១៩ ដែលទៅជាដាក់បន្ទុកលើការនាំចូលនូវពពួកអាហារក្លាសេពីបរទេស ថាជាប្រភពដើមនៃការផ្ទុះវីរុសដ៏កាចសាហាវនេះទៅវិញ។
គួរជម្រាបថា មកទល់ពេលនេះ អង្គការសុខភាពពិភពលោកនៅមិនទាន់រកឃើញភស្តុតាងណាមួយ ដែលអាចបញ្ជាក់ថាវីរុសនេះមានប្រភពមកពីណានៅឡើយទេ។
អត្ថបទដោយ៖ ពិសី
