We TV Cambodia

ចិញ្ចឹមបង្កងអូស្ត្រាលី៖ របរចំណាយដើមទុនតិចជាង៥០០$ តែរកចំណូលបានច្រើន

ចិញ្ចឹមបង្កងអូស្ត្រាលី៖ របរចំណាយដើមទុនតិចជាង៥០០$ តែរកចំណូលបានច្រើន
កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី (ប្រភព៖ veng sakhon)

របរចិញ្ចឹមបង្កងអូស្រ្តាលី កំពុងទទួលបានការចាប់អារម្មណ៍ពីប្រជាកសិករក្នុងស្រុក ខណៈរបរនេះចំណាយដើមទុនតិច តែអាចរកចំណូលបានច្រើន ពិសេសមានទីផ្សារល្អ និងអាចលក់បានក្នុងតម្លៃថ្លៃ។

កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី (ប្រភព៖ info.gov)

លោក នង ណារិទ្ធ ម្ចាស់ «កសិដ្ឋានចិញ្ចឹមបង្កង ចិត្ត ស្រីអូន» ដែលមានទីតាំង នៅភូមិចម្ការខ្លី ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា លោកបានចាប់យកអាជីពជាអ្នកចិញ្ចឹមបង្កងអូស្ត្រាលីទឹកសាបនេះ អស់រយៈពេលជាង ១ឆ្នាំមកហើយ ហើយពេលនេះកំពុងតែកាក់កបខ្លាំង ដោយសារតែបង្កងលក់បានថ្លៃ និងសម្បូរទីផ្សារ។

កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី (ប្រភព៖ info.gov)

លោកបន្តទៀតថា បង្កងអូស្ត្រាលីទឹកសាបនេះ ជាមធ្យមអាចលក់បានក្នុងតម្លៃចន្លោះពី ២០ដុល្លារ ទៅ ៣០ដុល្លារ ក្នុង ១គីឡូក្រាម ទៅតាមទំហំរបស់វាតូច ឬធំ ប៉ុន្តែសម្រាប់កសិដ្ឋានរបស់លោកពេលនេះ គឺមិនទាន់ចិញ្ចឹមលក់ជាបង្កងសាច់នោះទេ ព្រោះគាត់ចិញ្ចឹមលក់ជាកូនបង្កង និងបង្កងមេពូជ ដែលកូនបង្កងក្នុង ១ក្បាលលក់បាន ២ពាន់រៀល រីឯបង្កងមេពូជក្នុង ១គូរលក់បានតម្លៃ ៥ដុល្លារ។ មិនតែប៉ុណ្ណោះ កូនបង្កងរបស់លោក មានភ្ញៀវមកទិញកូនយកអស់ៗមិនដែលសល់នោះទេ។

កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី (ប្រភព៖ info.gov)

លោក ណារិទ្ធ ក៏បានបញ្ជាក់ផងដែរថា បងប្អូនដែលមានប្រាក់ត្រឹម៥០០$  ក៏អាចចាប់ផ្ដើមចិញ្ចឹមបង្កងបានដែរ គឺគ្រាន់តែទិញពូជមកបង្កាត់ ហើយបើបងប្អូនមានស្រះទឹកស្រាប់ គឺមិនបាច់ចំណាយដល់៥០០$ ទេ ត្រឹមតែ២០ម៉ឺនរៀលក៏អាចចាប់ផ្ដើមបានដែរ។ បច្ចុប្បន្ននេះលោកក៏បានបង្រៀនសិស្សជាច្រើននាក់ផងដែរ ពីបច្ចេកទេសចិញ្ចឹមបង្កងនេះ បើប្រជាកសិករមានចំណាប់អារម្មណ៍អាចមករៀនពីបច្ចេកទេនេះពីគាត់បាន។

អត្ថបទដោយ៖ Nevin

Related Articles