We TV Cambodia

ចម្ការស្វាយ និងទីតាំងវេចខ្ចប់ចំនួន៤៨ កំពុងត្រួតពិនិត្យគុណភាពមុននាំចេញទៅចិន

ចម្ការស្វាយ និងទីតាំងវេចខ្ចប់ចំនួន៤៨ កំពុងត្រួតពិនិត្យគុណភាពមុននាំចេញទៅចិន

ដោយ៖ រដ្ឋ ស្រីពេជ្រ

ភ្នំពេញ៖ចម្ការស្វាយ និងទីតាំងវេចខ្ចប់ចំនួន៤៨  កំពុងត្រៀមខ្លួននិងបានត្រួតពិនិត្យគុណភាពមុនពេលនាំចេញទៅប្រទេសចិន។​ នេះបើយោងតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយកែវរមៀតស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។

បើតាមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៤ ខែធ្នូនេះ អគ្គនាយកដ្ឋានកសិកម្មបានទទួលពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ និងទីតាំងវេចខ្ចប់បានចំនួន ៤៨ ក្នុងនោះមានក្រុមហ៊ុន ម្ចាស់ចម្ការ និងសហគមន៍កសិកម្មដែលមានផ្ទៃដីដាំដុះដំណាំស្វាយសរុបចំនួន ២៨ ៣៤៥,៧០ហ.ត ដើម្បីធ្វើការវាយតម្លៃលើលក្ខណសម្បត្តិគ្រប់បែបយ៉ាង។

ក្នុងដំណាក់កាលទី១ អគ្គនាយកដ្ឋានកសិកម្មបានបញ្ចប់ដំណើរការពិនិត្យ និងវាយតម្លៃលើលក្ខណសម្បត្តិរបស់កសិដ្ឋានដែលមានសក្តានុពលខ្ពស់ និងស្របតាមលក្ខខណ្ឌតម្រូវភូតគាមអនាម័យចំនួន០៥ និងទីតាំងវេចខ្ចប់ចំនួន០១។

អគ្គនាយកដ្ឋានកសិកម្ម នឹងបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងបណ្តុះបណ្តាលបច្ចេកទេសដល់បណ្ដាក្រុមហ៊ុន ម្ចាស់ចម្ការ កសិដ្ឋាន សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ ដែលបានដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការស្វាយ ហើយក៏នឹងអញ្ជើញតំណាងក្រុមហ៊ុននាំចេញស្វាយ សហគមន៍កសិកម្ម ម្ចាស់ចម្ការ និងមន្ត្រីជំនាញមកពីមន្ទីរកសិកមម្មខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កំពង់ធំ បាត់ដំបង និងស្ទឹង ត្រែងឲ្យចូលរួមផងដែរ៕

 

Related Articles