ត្រីបីប្រភេទ មានដូចជា ត្រីប្រា ត្រីពោ និងត្រីអណ្ដែង បានធ្វើឲ្យគ្រួសារ ប្រជាកសិករ មួយ កំពុងតែកាក់កប ប្រមូលផល ជាប្រចាំឆ្នាំ នៅខេត្ដសៀមរាប។
លោក ឈាវ ហុង កសិកររស់នៅភូមិសំរោងត្បូង ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប បានចាប់ផ្តើមមុខរបរចិញ្ចឹត្រីលក់នេះ អស់រយៈពេលប្រមាណជិត១០ឆ្នាំមកហើយ ដោយភាគច្រើនលោកតែងតែចិញ្ចឹមត្រីប្រា ត្រីពោ និងត្រីអណ្តែង ព្រោះប្រភេទត្រីទាំងនេះងាយស្រួលក្នុងការចិញ្ចឹម និងអោយចំណីស៊ី។ កន្លងមកការទិញកូនត្រីប្រា តម្លៃ១គ្រាប់១២០៛ លោកបានដាក់២ម៉ឺនក្បាល ត្រីពោ ១ក្បាល២០០៛ លោកចិញ្ចឹមយកមួយឆ្នាំចាប់ដាក់ពីខែ៨ ខែ៩ ចឹងដល់ខែ៦ ខែ៧បានចាប់លក់។ ការចាប់លក់ តម្រូវឲ្យត្រូវ ពេលដែល បិទឡូត៍នេសាទត្រី ទើបទីផ្សារត្រីមានតម្លៃល្អ ហើយសាច់ត្រីក៏រឹងល្អ អត់ខ្លាញ់អត់ភ្លាវ។ ចំណីពីតូចត្រូវប្រើចំណីផ្សារ ចាប់ពីមួយខែឡើង ត្រូវប្រើចំណីខ្លួនឯង មានកន្ទក់ កាកសំណល់បន្លែ កាកត្រីកូនឲ្យវាស៊ី ត្រីប្រាឆ្នាំនេះបោះឲ្យមូយបាន១គីឡូ៤៥០០៛ ត្រីអណ្តែងបាន៥៦០០៛ ត្រីពោបាន៦០០០៛។
យោងតាមរបាយការណ៍របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានឲ្យដឹងថា នៅឆមាសទី១ ឆ្នាំ២០២០នេះ ការចិញ្ចឹមត្រីក្នុងខេត្តទទួល បានទិន្នផលសរុបចំនួន៧៣៧៤តោន។ ក្នុងនោះការចិញ្ចឹមត្រីក្នុងបែ ចំនួន៤១៧០តោន ចិញ្ចឹមត្រីក្នុងស្រះជាលក្ខណៈគ្រួសារចំនួន៣២០៤តោន។
ដោយ៖ Stince
ប្រភព៖ ក្រសួងព័ត៌មាន