We TV Cambodia

គ្រួសារកសិករបន្លែស្រុកខ្សាច់កណ្ដាល គួរតែចងក្រងជាបណ្ដុំដើម្បីជម្រុញទីផ្សារកាន់តែប្រសើរ

គ្រួសារកសិករបន្លែស្រុកខ្សាច់កណ្ដាល គួរតែចងក្រងជាបណ្ដុំដើម្បីជម្រុញទីផ្សារកាន់តែប្រសើរ

ប្រជាកសិករក្នុងស្រុកខ្សាច់កណ្ដាល កំពុងតែរវល់ខ្លាំងនឹងដំណាំដាំដុះ បន្លែប្រចាំថ្ងៃ ដោយមើលឃើញពីសក្ដានុពលទីផ្សារតម្រូវការលើទីផ្សារមានកំណើនខ្ពស់ ប៉ុន្ដែពួកគាត់នៅមិនទាន់មានការ រៀបចំជាបណ្ដាញ ដើម្បីពង្រឹង ទីផ្សារឲ្យកាន់តែមាន ភាពរឹងមាំ ខណៈដែល ឯកឧត្ដម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានណែ​នាំពួកគាត់គួរតែ រួមគ្នាចងក្រងជាបណ្តុំអាជីវកម្មបន្លែ ដើម្បីឆ្លើយតប ហើយទទួលបានប្រាក់ចំណូលកើនឡើងថែមទៀតផង។

ក្នុងឱកាស នៃការចុះពិនិត្យផលិតកម្មដំណាំបន្លែ មានត្រប់ ត្រសក់ ននោងជ្រុង ននោងមូល ត្រឡាច និងប៉េងប៉ោះ របស់កសិករ នៅភូមិបឹងក្រចាប់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ឯកឧត្តម បានមានប្រសាសន៍ថាការចងក្រងនិងពង្រឹងបណ្តុំអាជីវកម្មបន្លែ គឺដើម្បីធានាបានទីផ្សារ តម្លៃ និង និរន្តរភាពនៃការផ្គត់ផ្គង់ ដោយអនុវត្តតាមផលិតកម្មកសិកម្មតាមកិច្ចសន្យា។ ការអនុវត្តដូច្នេះ នឹងឈានទៅធ្វើឲ្យផលិតកម្ម បន្លែមាននិរន្តរភាព ធានាបរិមាណផ្គត់ផ្គង់ ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រាក់ចំណូលគ្រួសារ ដើម្បីចូលរួមចំណែកជួយរក្សាបាននូវ សន្តិសុខស្បៀងក្នុងគ្រួសារបានយ៉ាងល្អ ក្នុងខណ:ដែលពិភពលោកកំពុងជួបបញ្ហាវិបត្តិជំងឺកូវីដ-១៩ ។

គួបញ្ជាក់ផងដែរថា សម្រាប់តំបន់ដែលបានលើកឡើង ខាងលើ គឺតែងតែ មានបញ្ហាសំខាន់មួយគឺជាតំបន់ ទឹកទន្លេឡើងលិចរៀងរាល់ឆ្នាំប្រសិនជារដូវទឹកធំ ដូច្នេះ ទើបតែឆ្នាំនេះទឹកទន្លេមិនសូវធំ ពុំមានទឹកលិចទេ ហើយពួកគាត់ អាចដាំបានបន្តទៀត។​

ដោយ៖ Stince

Related Articles