បើតាមប្រសាសន៍របស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានឲ្យដឹងថា បន្ទាប់ពីផ្អាកសេវាអប់រំដោយសារ COVID-19 គ្រឹះស្ថានសិក្សាអប់រំឯកជនបានរងផលប៉ះពាល់យ៉ាងខ្លាំង និងបានអំពាវនាវឲ្យមានដំណោះស្រាយ។
លោកឧកញ៉ា ក៏បានបន្តថា គ្រឹះស្ថានសិក្សាឯកជនកំពុងប្រឈមខ្លាំងដូចជា៖ ការបន្តបើកប្រាក់បៀវត្សរ៍ដល់បុគ្គលិក, បន្តបង់ឈ្នួលអគារ, និងការបន្តបង់ការប្រាក់ទៅធនាគារជាដើម។ ហើយលោកបានព្រមានថា ប្រសិនបើគ្មានការអន្តរាគមន៍ដោះស្រាយជួយដល់ពួកគេទេ នោះពួកគេអាចប្រឈមនឹងការក្ស័យធននៅពេលខាងមុខ។
មិនតែប៉ុណ្ណោះ ការចរចាជាមួយម្ចាស់អគារលើការសុំបញ្ចុះថ្លៃឈ្នួលហាក់គ្មានប្រសិទ្ធភាពឡើយ ហើយប្រសិនបើយើងអត់ដោះស្រាយទេ ពួកយើងគិតថា ស្ថាប័នឯកជនមួយចំនួននឹងក្ស័យទុន ហើយបើសិនជាក្ស័យទុន វានឹងប៉ះពាល់ដល់វិស័យអប់រំយ៉ាងធ្ងន់ធ្ងរ ព្រោះសាលាឯកជនគឺជាដៃគូអភិវឌ្ឍន៍របស់រដ្ឋ។
លោក ប៉ិច បូឡែន ប្រធានសហព័ន្ធសេវាអប់រំនៃកម្ពុជា និងជាអគ្គនាយក Westline Education Group បាននិយាយថា ប្រសិនបើបញ្ហានេះនៅតែអូសបន្លាយយូរទៀត សាលាឯកជនអាចនឹងត្រូវបិទមួយរយៈ។ លោកបន្ថែមថា វាជាបញ្ហាប្រឈមខ្លាំងចំពោះសាលារៀនដែលមានកម្មវិធីបង់ថ្លៃសិក្សាជាប្រចាំខែ ឬប្រចាំត្រីមាស ប៉ុន្តែចំពោះសាលារៀនដែលមានកម្មវិធីបង់ប្រាក់ថ្លៃសិក្សាជាប្រចាំឆ្នាំ ពួកគេមិនសូវប្រឈមខ្លាំងនោះទេ។
មិនតែប៉ុណ្ណោះ លោកប៉ិច បូឡែន បានសង្កត់ធ្ងន់ថា កុំថាឡើយដល់ទៅមួយឆ្នាំ ត្រឹមតែបី ឬបួនខែទៀត សាលារៀនខ្លះអាចនឹងបិទទៅហើយ ហើយអ្នកដែលរងគ្រោះខ្លាំងជាងគេគឺគ្រូបង្រៀន។ ទោះបីជាយ៉ាងនេះក្ដី លោកប៉ិច បូឡែន ក៏បានទទួលស្គាល់នូវការខិតខំរបស់រដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាដែលកំពុងតែជួបប្រទះក្នុងគ្រាលំបាកនេះផងដែរ។ ហើយវិស័យឯកជន និងអ្នកដែលពាក់ព័ន្ធត្រូវតែរួបរួមគ្នារកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហាដ៏លំបាកនេះ។
គូសបញ្ជាក់ផងដែរថា ក្រោយពីមានការរកឃើញអ្នកផ្ទុក COVID-19 ក្នុងប្រទេសកម្ពុជារួចមក រដ្ឋាភិបាលបានសម្រេចឲ្យគ្រឺះស្ថានសិក្សាទាំងរដ្ឋ និងឯកជនផ្អាកដំណើរការបណ្ដោះអាសន្នសិន ដើម្បីទប់ស្កាត់ការរីករាលដាលនៃ COVID-19 ហើយគិតមកត្រឹមពេលនេះ ការបិទសាលារៀនបណ្ដោះអាសន្នមានរយៈពេលប្រមាណជាជាង ១ខែមកហើយ។
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក