
កសិករមួយរូបក្នុងខេត្តតាកែវ អាចរកចំណូលបានចន្លោះពី ៦ម៉ឺន ទៅ ៧ម៉ឺនដុល្លារក្នុង១ឆ្នាំ ពីការចិញ្ចឹមបង្កង និងវិនិយោគលើប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដោយសារតែមានតម្រូវការទីផ្សារខ្ពស់ជាងមុន។

លោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កង ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានឱ្យដឹងថា ការចិញ្ចឹមបង្កង បច្ចុប្បន្ននេះលោកសម្រេចបានជោគជ័យ គិតទាំងចំណូល ចំណេះដឹងពីការចិញ្ចឹមបង្កងបែបធម្មជាតិ ភ្ញាស់កូន និងសេវាផ្គត់ផ្គង់ទឹកទាំងអស់។លោកបានបន្តថា ជាធម្មតាបង្កងចិញ្ចឹមរយ:ពេល ៧ខែ ទៅ ៨ខែ ដោយត្រឹម ១០ក្បាលអាចមានទម្ងន់មួយគីឡូក្រាម ដែលទំហំនេះបង្កងមានតម្លៃពី ៦-៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ សំរាប់ការភ្ញាស់កូនក្នុងមួយឆ្នាំបានប្រហែល ៦០ម៉ឺនកូន សម្រាប់ចិញ្ចឹមក្នុងកសិដ្ឋានផង និងលក់ចែកចាយឲ្យអ្នកចិញ្ចឹមនៅទូទាំងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលផង។

លោកបានបន្ថែមទៀតថា ក្រៅពីផលិតកម្មបង្កង លោកក៏បានវិនិយោគទៅលើប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដើម្បីផ្គត់ផ្គង់ទឹកឲ្យកសិករធ្វើស្រែបាន ៣ដងក្នុង ១ឆ្នាំ ដោយគិតសេវាបូមទឹក ២៥ម៉ឺនរៀលក្នុងមួយហិកតា។ ដោយគិតរួមទាំងចំណូលសេវាកម្មបូមទឹក និងចំណូលពីកសិដ្ឋានចិញ្ចឹមបង្កង គឺអាចរកចំណូលបានពី ៦-៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា លោក ព្រំ វ៉ាត ចាប់ផ្តើមចិញ្ចឹមបង្កងតាំងពីឆ្នាំ២០០៧ ដោយមកទល់បច្ចុប្បន្នមានចំនួន ១០ស្រះ ស្ថិតលើផ្ទៃដី ៤,៥ហិកតា ដោយអាចទទួលបានទិន្នផលជិត ៣តោនក្នុងមួយស្រះ ដោយដាក់កូនចិញ្ចឹមចំនួន ៥ម៉ឺនកូន។
អត្ថបទដោយ៖ Nevin
