គ្រប់គ្នាប្រហែលជាស្គាល់និងធ្លាប់ញុំា នំចាក់ចុល ហើយមែនទេ? ចាក់ចុល គឺជានំរបស់ខ្មែរយើង តាំងពីបុរាណមកម្លេះ ដែលមានរសជាតិផ្អែម ហើយប្រជាជនខ្មែរយើង ហៅតាមសម្លេង នៅពេលដែលយើងចាក់ម្សៅនំចូលគឺវាពុះឆុលនៅក្នុងឆ្នាំងខ្ទះតែម្ដង ក្រោយមកពាក្យនេះក៏ត្រូវបានប្ដូរទៅជា នំចាក់ចុល ដោយយោងទៅតាមពាក្យនិយាយធម្មតា។ វាមានលក្ខណៈងាយស្រួលក្នុងការធ្វើ ដោយផ្អែកតាមរូបមន្តខាងក្រោម៖
គ្រឿងផ្សំ៖
១. ម្សៅអង្ករខ្សាយ ២៥០ក្រាម
២. ម្សៅដំណើប ១០០ក្រាម
៣. ស្ករត្នោត ១០០ក្រាម
៤. ស្ករស ២៥ក្រាម
៥. ខ្ទិះដូង ១៥០មីលីលីត្រ
៦. ទឹក ១៥០មីលីលីត្រ
៧. ពងមាន់ ១គ្រាប់
៨. អំបិល ១ស្លាបព្រាកាហ្វេ
៩. . វ៉ានីឡា ១ស្លាបព្រាកាហ្វេ ( មិនបាច់ដាក់ក៏បាន)
របៀបធ្វើ៖
. លាយគ្រឿងស្ងួតជាមុនសិន គឺចាក់ម្សៅអង្ករខ្សាយនិងម្សៅអង្ករដំណើបចូលក្នុងចានធំមួយ ដាក់អំបិល ស្ករស និងស្ករត្នោត រួចហើយយើងត្រូវកូរវាឲ្យសព្វ។ ចំពោះគ្រឿងទឹក យើងចាក់ខ្ទិះដូងដាក់ក្នុងចានមួយ ចាក់ទឹកវ៉ានីឡាចូល បន្ទាប់មកគោះពងទាមួយគ្រាប់ចូលហើយវាយវាឲ្យម៉ត់ល្អ។ ចាក់គ្រឿងទឹកដែលយើងបានធ្វើរួចនោះចូលក្នុងចានគ្រឿងស្ងួត ហើយកូរវាបណ្តើរៗដោយចាក់ទឹកចូលម្ដងបន្តិចដើម្បីកូរវាឲ្យបានសព្វចូលគ្នាល្អ ។ ពេលកូរវាសព្វហើយ យើងត្រូវយកថង់ផ្លាស្ទីកឬក្រណាត់មកគ្របវាទុករយៈពេល៦ម៉ោង ឬ១យប់ដើម្បីឲ្យម្សៅឡើងបានល្អ។ បន្ទាប់មក យកខ្ទះ ដាក់ខ្លាញ់ល្មមហើយបើកភ្លើងឲ្យក្ដៅ ។ ពេលខ្លាញ់ក្ដៅល្មមហើយ ចាក់ម្សៅនំដោយវាស់ក្នុងកូនពែងមួយចូលក្នុងខ្ទះបំពង នៅពេលនំឡើងក្រហមទាំងសងហើយខាងនោះ យើងនឹងទទួលបាន នំចាក់ចុល ដ៏ឈ្ងុយឆ្ងាញ់ពិសារ។
អត្ថបទដោយ៖ ពិសី
