We TV Cambodia

គ្មានលទ្ធភាពសងបំណុល ឡាវប្រគល់​​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​របស់ខ្លួនទៅឲ្យ​ចិន

គ្មានលទ្ធភាពសងបំណុល ឡាវប្រគល់​​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​របស់ខ្លួនទៅឲ្យ​ចិន
អគ្កិសនីក្នុងប្រទេសឡាវ (ប្រភព៖ legit)

យោងតាមការចុះផ្សាយកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា ឡាវអាចនឹងក្លាយជាប្រទេសមួយទៀតក្នុងចំណោមប្រទេសជាច្រើនដែលគ្មានលទ្ធភាពសងបំណុលចិន ហើយក៏សម្រេចចិត្តប្រគល់ក្រុមហ៊ុនរបស់រដ្ឋណាមួយទៅឲ្យក្រុមហ៊ុនចិនជាអ្នកគ្រប់គ្រងវិញម្ដង។

ប្រធានាធិបតីចិន លោកស៊ី ជីនពីង និងនាយករដ្ឋមន្ត្រីឡាវ លោកថងលួន ស៊ីសូលីត (ប្រភព៖ internet)

ទោះបីជាយ៉ាងណា កិច្ចព្រងព្រៀងក្នុងការប្រគល់នេះ បានទទួលការរិះគន់យ៉ាងច្រើន និងចោទប្រកាន់ទៅរដ្ឋាភិបាលចិនថា ចិនបានប្រើយុទ្ធសាស្ត្រកម្ចី ដែលស្ថិតក្រោមការអភិវឌ្ឍ​គម្រោង​ហេដ្ឋា​រចនាសម្ព័ន្ធ ទៅកាន់ប្រទេសក្រីក្រ និងកំពុងអភិវឌ្ឍន៍ជាច្រើន ដើម្បីសម្រេចគោលនយោបាយដ៏ធំរបស់លោក ស៊ី ជីនពីង គឺ «ខ្សែក្រវាត់មួយ ផ្លូវមួយ» ហើយមនុស្សជាច្រើនហៅកម្ចីនេះថា «អន្ទាក់បំណុលការទូត»។

ក្រុមហ៊ុនអគ្គិសនីនៅឡាវ (ប្រភព៖ china report)

កិច្ចព្រមព្រៀងចែកភាគហ៊ុនក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​នេះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១ ខែកញ្ញាមកម្លេះ ជាមួយនឹងក្រុមហ៊ុនរបស់ចិនឈ្មោះ China Southern Power Grid Co ប៉ុន្តែគេមិនបានបង្ហើបឲ្យដឹង ថាជាប្រទេសឡាវ ឬចិននោះទេ ដែលនឹងក្លាយជាម្ចាស់នៃក្រុមហ៊ុននេះ។

ក្រុមហ៊ុន China Southern Power Grid Co របស់ចិន (ប្រភព៖ internet)

គួរឲ្យដឹងផងដែរថា ឡាវមានគោលបំណងប្រែក្លាយប្រទេសរបស់ខ្លួនទៅជា «ធុងអាគុយនៃតំបន់អាស៊ាន» ហើយថវិការយ៉ាងច្រើនដែលឡាវយកមកវិនិយោគគម្រោងអគ្គិសនីក្នុងប្រទេសខ្លួន គឺភាគច្រើនជាកម្ចីដែលបានមកពីចិន។ បើតាមការប៉ាន់ស្មាន របស់ធនាគារពិភពលោកកាលពីខែមិថុនា បានឲ្យដឹងថា កម្រិត​បំណុលរបស់​ឡាវ​អាច​នឹងឡើងដល់ ៦៨% នៃ​ GDP នៅឆ្នាំ​២០២០។

គម្រោងផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់ចិន (ប្រភព៖ mekong eye)

សូមរំលឹកថា បច្ចុប្បន្នប្រទេសដែលកំពុងជំពាក់បំណុលចិនវ័ណ្ឌកងើបមុខមិនរួចនោះមាន ៩ប្រទេសហើយដូចជា៖ ប្រទេសប៉ាគីស្ថាន, ម៉ុងតឺនេហ្គ្រោ, គីហ្សីស្ថាន, ជីប៊ូទី, ស្រីលង្ការ, ម៉ុងហ្គោល, តាជីគីស្ថាន, ម៉ាល់ឌីវ និងប្រទេសឡាវ ហើយក្នុងនោះ ស្រីលង្ការ ជាប្រទេសដំបូងគេដែលបានប្រគល់កំពង់ផែទៅឲ្យក្រុមហ៊ុនចិនគ្រប់គ្រងរយៈពេល ៩៩ឆ្នាំ ដោយសារតែគ្មានលទ្ធភាពក្នុងការសងបំណុលដែលជំពាក់ចិន។

អត្ថបទដោយ៖ Nevin

Related Articles