We TV Cambodia

គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ បើឃើញខុសប្រាប់ បើឃើញខ្សោយប្រឹង

គ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ បើឃើញខុសប្រាប់ បើឃើញខ្សោយប្រឹង

សម្រួលអត្ថបទ៖ រដ្ឋ ស្រីពេជ្រ

តាមរយៈការលើកឡើងរបស់ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី​ បានឱ្យដឹងថា អ្វីល្អៗដែលយើងមិនបានលើកយកមកបង្ហាញ ឬនិយាយប្រាប់អ្នកដទៃឱ្យបានរីកចម្រើននោះ ពុំមែនជាកំហុសនរណាក្រៅតែពីខ្លួនយើងឡើយ គឺវាជាកំហុសរបស់យើងតែម្តង។ ដូច្នេះ សូមកុំមានវិប្បដិសារៈឱ្យសោះ។

ផ្ទុយទៅវិញ វាជាកំហុសរបស់គេទៅវិញទេ បើគេមិនព្រមស្ដាប់នូវគំនិតល្អៗដែលយើងបានប្រាប់។ អ៊ីចឹងយើងក៏មិនចាំបាច់មានវិប្បដិសារៈដែរ។ អ្វីៗសុទ្ធតែមានហេតុផលរបស់វា។ ហេតុផលនេះហើយ ដែលធ្វើឱ្យយើងអាចស្គាល់ពីសភាពពិតនៃនរណាម្នាក់បានយ៉ាងច្បាស់។ សេចក្ដីបរិសុទ្ធ គឺជាគន្លឹះដ៏ល្អដើម្បីទទួលបាននូវកល្យាណមិត្ត ដែលពោរពេញដោយភក្ដីភាព។ ចូរមើលឱ្យឃើញពីតម្លៃនៃភាពស្លូតបូត និងសេចក្តីស្រឡាញ់របស់អ្នកដទៃ តាមរយៈក្រសែភ្នែក និងទឹកចិត្តរបស់គេ។ ហើយយើងត្រូវចេះអធ្យាស្រ័យ និងអនុគ្រោះឱ្យអ្នកដទៃនូវទង្វើខុសឆ្គងរបស់ពួកគេ។ ក៏ប៉ុន្តែយើងត្រូវចងចាំចំណុចទាំងអស់នោះទុកជាការពិសោធ ដើម្បីកុំឱ្យវាកើតឡើងម្តងទៀត។ ហើយអ្វីដែលយើងត្រូវរៀនជាចាំបាច់នោះ គឺរៀនពីកង្វះខាតរបស់ខ្លួនឯង។

លោកបន្តថា សូមកុំភ្លេចរាល់កំហុសឆ្គងដែលធ្លាប់កើតមាន ហើយត្រូវតែសិក្សាឡើងវិញនូវរាល់បញ្ហា និងចំណុចខ្វះខាតទាំងឡាយដែលយើងធ្លាប់ជួបប្រទះនាពេលកន្លងមក។ កុំមើលស្រាលបញ្ហាក្នុងជីវិត និងកុំបណ្តោយតាមព្រេងវាសនា។ ត្រូវចេះយកចិត្តទុកដាក់គ្រប់កិច្ចការ។ ខ្ញុំត្រូវតែផ្តល់ការកោតសរសើរនូវអំពើល្អ និងអធ្យាស្រ័យរាល់កំហុសឆ្គង ដែលកើតមានឡើង ព្រោះថាគ្មាននរណាម្នាក់ល្អឥតខ្ចោះឡើយ (នេះជាការស្នើរបស់ខ្ញុំប៉ុណ្ណោះ)។ ក្នុងជីវិត យើងម្នាក់ៗត្រូវចេះផ្តល់កិត្តិយសដល់ខ្លួនឯង និងអ្នកដែលសមនឹងទទួលបានកិត្តិយសនោះ។ ចូរក្រឡេកមើលជុំវិញខ្លួនអ្នក មើលពីជម្រៅចិត្តរបស់អ្នក ហើយឈ្វេងយល់ពីខ្លួនអ្នកឱ្យច្បាស់។ ចូរសួរខ្លួនអ្នកថា ហេតុអ្វីបានជាអ្នកមានវត្តមាននៅទីនេះ? ចូររកហេតុផលឱ្យឃើញ នោះអ្នកនឹងយល់ពីខ្លួនអ្នកកាន់តែច្បាស់ជាងមុន។ ខ្ញុំត្រូវតែរម្លឹកខ្លួនឯងជានិច្ចថា ខ្ញុំត្រូវតែរៀនឱ្យដូចទៅនឹងរាងកាយរបស់ខ្ញុំដែលលូតលាស់ដូច្នេះដែរ ហើយក៏ត្រូវតែរីកចម្រើនពីអ្វីដែលខ្ញុំបានរៀននោះដែរ។ រៀនសូត្របានជ្រៅជ្រះ ហើយមានចំណេះដឹងច្បាស់លាស់ ធ្វើឱ្យមនុស្សចេះពិចារណា។

ទន្ទឹមនិងនេះ ការពិចារណាថ្លឹងថ្លែងវែងឆ្ងាយធ្វើឱ្យមនុស្សមានហេតុផល យោគយល់ លើកលែង និងអនុគ្រោះ។ ព្រោះថាយើងម្នាក់រស់នៅមិនមែនដើម្បីតែរស់រានមួយមុខឡើយ។ មានបេសកម្មជាច្រើនណាស់ដែលយើងត្រូវធ្វើដើម្បីមនុស្សជាតិ។

ប្រភព៖ ឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី

Related Articles