We TV Cambodia

គ្មានការលើកលែង!! អាជ្ញាធរបិទយានដ្ឋានជួសជុលរថយន្តជិត ៤០០កន្លែងក្នុងរាជធានីភ្នំពេញ

គ្មានការលើកលែង!! អាជ្ញាធរបិទយានដ្ឋានជួសជុលរថយន្តជិត ៤០០កន្លែងក្នុងរាជធានីភ្នំពេញ
ការចុះបិទយានដ្ឋានគ្មានច្បាប់ដោយអាជ្ញាធរ (ប្រភព៖ info.gov)

កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ កន្លងទៅនេះ មន្ត្រីជំនាញមន្ទីរសាធារណការ បានសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ ចុះបិទយានដ្ឋានជួសជុលរថយន្តអត់ច្បាប់ចំនួន ៣៩០ទីតាំងក្នុងរាជធានីភ្នំពេញដោយគ្មានការលើកលែងឡើយ។

ការចុះបិទយានដ្ឋានគ្មានច្បាប់ដោយអាជ្ញាធរ (ប្រភព៖ info.gov)

លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសាធារណការ បានឲ្យដឹងថា យានដ្ឋានទាំងនេះបានប្រកបអាជីវកម្មដោយមិនមានច្បាប់អនុញ្ញាត ដូច្នេះអាជ្ញាធរត្រូវបិទបណ្ដោះអាសន្ន និងតម្រូវឲ្យម្ចាស់ទីតាំងទៅសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវជាមុនសិន ទើបអនុញ្ញាតឱ្យបើកអាជីវកម្មឡើងវិញ។

លោកស្រី បានបន្តទៀតថា ការចុះទៅបិទលើកនេះគ្មានការលើកលែងទេ ហើយក៏មិនមានការណែនាំ ឬជូនដំណឹងទៀតដែរ ព្រោះបានជូនដំណឹង និងទុកពេលជាយូរណាស់ហើយ។ មិនតែប៉ុណ្ណោះ យានដ្ឋានខ្លះក៏ធ្លាប់បានបិទលើកទី ១រួចហើយដែរ តែម្ចាស់ទីតាំងនៅតែរឹងរូសមិនព្រមធ្វើច្បាប់អនុញ្ញាតដដែល។

ការចុះបិទយានដ្ឋានគ្មានច្បាប់ដោយអាជ្ញាធរ (ប្រភព៖ info.gov)

សូមបញ្ជាក់ថា បច្ចុប្បន្នក្នុងរាជធានីភ្នំពេញ មានយានដ្ឋានជួសជុលរថយន្តចំនួន ៩៧១ទីតាំង មានច្បាប់ចំនួន៥៨១ទីតាំង និងអត់ច្បាប់ចំនួន ៣៩០ទីតាំង។ ដោយឡែកក្នុងខណ្ឌសែនសុខ មានយានដ្ឋានចំនួន ១១០ទីតាំង និងមានច្បាប់អនុញ្ញាតតែ ៧៣ទីតាំងប៉ុណ្ណោះ។

អត្ថបទដោយ៖ Nevin

Related Articles