ដោយៈ ទិន សុខាវុធ
គំរោងសាងសង់ពង្រីកព្រលានយន្តហោះនៅខេត្តព្រះសីហនុ អោយទៅជាព្រលានយន្តហោះខ្នាតអន្តរជាតិ ដែលនឹងអាចអនុញ្ញាតអោយយន្តហោះធុនធំខ្នាតអន្តរជាតិ ចុះចតនៅទីនោះបាន ត្រូវបានសង់រួចរាល់បានប្រមាណជា ៧០% ហើយ។
លោក ជា អូន អ្នកនាំពាក្យរបស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលកម្ពុជា បានថ្លែងអោយដឹងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ ការសាងសង់ពង្រីកព្រលានយន្តហោះនេះ ត្រូវបានធ្វើរួចបានប្រមាណជា ៧០% ហើយ។ ជាលទ្ធផល នៅពាក់កណ្តាលឆ្នាំ ២០២០ ខាងមុខនេះ ព្រលានយន្តហោះនឹងត្រូវដាក់អោយដំំណើរការជាស្ថាពរ ដែលនៅពេលនោះយន្តហោះធុនធំខ្នាតអន្តរជាតិ នឹងអាចចុះចតនៅលើព្រលាននោះបាន ដោយគ្មានបញ្ហាអ្វីឡើយ។
អ្នកនាំពាក្យរូបនេះ បានអោយដឹងទៀតថានៅពេលសង់រួច ផ្លូវហោះហើររបស់ព្រលាននេះនឹងមានប្រវែង ៣,៣០០ ម៉ែត្រ ដែលជាកត្តាដ៏សំខាន់មួយអាចអនុញ្ញាតអោយយន្តហោះធុនធំចុះចតនិងហោះឡើងបានទៅតាមលក្ខណបច្ចេកទេសរបស់អាកាសចរណ៍ស៊ីវិល។ វាក៏នឹងជាកត្តាមួយដែលនឹងទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិអោយមកកំសាន្តនៅក្នុងខេត្តព្រះសីហនុ អោយបានកាន់តែច្រើនឡើងៗទៀតដែរ។
ទាក់ទងនឹងបញ្ហានេះ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអោយដឹងកាលពីពេលថ្មីៗនេះថា នៅពេលបច្ចុប្បន្ននេះ មានជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ស៊ីវិលចំនួន ១៤ ក្រុមហ៊ុន ដែលនៅក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ៥ និងក្រុមហ៊ុនអន្តរជាតិចំនួន ៩ បាននឹងកំពុងភ្ជាប់ជើងហោះហើរពីត្រង់ពីក្រុងព្រះសហនុទៅកាន់ប្រទេសវៀតណាម ម៉ាឡេស៊ី ថៃ ហ្វីលីពីន និងប្រទេសចិន សរុបទាំងអស់មានចំនួន ២៥ ទីក្រុង៕
