
ដោយៈ ទិន សុខាវុធ
កាលពីខែ សីហា ឆ្នាំ ២០១៩ គំរោងសំណង់ថ្មីចំនួន ៤១៨ គំរោង សរុបទុនវិនិយោគប្រមាណជា $1,438 លានដុល្លារ ត្រូវបានចុះបញ្ជីជាមួយនឹងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
យោងតាមរបាយការណ៍របស់ក្រសួងដែនដី
ចេញផ្សាយនៅដើមខែកញ្ញានេះ
បើប្រៀបធៀបជាមួយនឹងគំរោងសាងសង់នៅក្នុងខែសីហាកាលពីឆ្នាំ ២០១៨ កន្លងទៅ
ដែលមានទុនវិនិយោគប្រមាណជា $915 លានដុល្លារ វិស័យសំណង់នៅកម្ពុជាបានកើនឡើង
៥៧.២០ ភាគរយ។
របាយការណ៍ដដែលនេះក៏បានបង្ហាញផងដែរថា ក្នុងចំណោមគំរោងសំណង់ទាំង ៤១៨ គំរោងនោះ ៦៤ គំរោង សរុបទុនវិនិយោគជាង $867 លានដុល្លារដែលត្រូវសាងសង់នៅលើផ្ទៃដីជាង ២ លានម៉ែត្រការេ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ក្រសួងរៀបចំដែនដីដោយផ្ទាល់។
ចំណែកឯគំរោងសាងសង់ចំនួន ៣៥៤ ទៀត
សរុបទុនវិនិយោគជាង $159 លានដុល្លារ ដែលត្រូវសង់នៅលើផ្ទៃដីប្រមាណជា
៤០ ម៉ឺនម៉ែត្រការេ ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់រដ្ឋបាលរាជធានី-ខេត្ត។
ជាទូទៅ នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០១៩ នេះ
ចំនួនសរុបនៃសំណង់នៅកម្ពុជាមានជាងពីរពាន់គំរោង សរុបទុនវិនិយោគជាង $3,392 លានដុល្លារ
ដែលត្រូវសាងសង់នៅលើផ្ទៃដីប្រមាណជា ៧ លានម៉ែត្រការេ។ ជាលទ្ធផល
ទុនវិនិយោគក្នុងវិស័យសំណង់នៅកម្ពុជា បានកើនឡើងប្រហែលជា ៥៧.៧៥ ភាគរយ
បើធៀបនឹងឆមាសទីមួយក្នុងឆ្នាំ ២០១៨ ដែលមានទុនវិនិយោគប្រមាណជា $2,153 លានដុល្លារ។
សរុបមក ចាប់ពីឆ្នាំ ២០០០ រហូតមកដល់ខែ សីហា
ឆ្នាំ ២០១៩ នេះ ក្រសួងដែនដីបានចេញលិខិតអនុញ្ញាតសាងសង់សំរាប់ ៤៦,៥៤៨ គំរោង សរុបទុនវិនិយោគប្រមានជា
$47 ពាន់លានដុល្លារ
នៅលើផ្ទៃដីជាង ១២៥ លានម៉ែត្រក្រឡា។
ដោយឡែក កាលពីឆ្នាំ ២០១៨ កន្លងទៅ កម្ពុជាបានផ្តល់ការអនុញ្ញាតសាងសង់សំរាប់គំរោងចំនួន
២,៨៦៧ គំរោង សរុបទុនវិនិយោគប្រមាណជា $5,228 លានដុល្លារ៕
