
ដោយៈ ទិន សុខាវុធ
យោងតាមទីភ្នាក់សារព័ត៌មានរដ្ឋ AKP ផ្លូវជាតិលេខ ៧១C តភ្ជាប់ខេត្តកំពង់ចាមទៅខេត្តត្បូងឃ្មុំ ត្រូវបានរាជរដ្ឋាភិបាលសំរេចអោយបើកការសាងសង់ហើយ ក្រោយពីបានត្រួតពិនិត្យរបាយការណ៍សិក្សាលំអិត ធ្វើឡើងដោយក្រុមហ៊ុនប្រឹក្សាយោបល់ PPIC Co,.Ltd កាលពីថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៩ កន្លងទៅនេះ។
ផ្លូវជាតិលេខ ៧១C នេះមានប្រវែង ១១៤.៦២ គីឡូម៉ែត្រ
ដែលត្រូវឆ្លងកាត់ស្រុកសួង ត្បូងឃ្មុំ និង ក្រូចឆ្មារ ស្ថិតក្នុងខេត្តត្បូងឃ្មុំ
និងស្រុក ស្ទឹងត្រង់ និង ចំការលើ ស្ថិតក្នុងខេត្តកំពង់ចាម។
លោក ទី សេងដឿន ដែលជាមន្ត្រីសាលាស្រុកក្រូចឆ្មារនៃខេត្តត្បូងឃ្មុំ បានថ្លែងប្រាប់អ្នកសារព័តមានថា ផ្លូវជាតិខាងលើនេះ នឹងត្រូវសង់ឡើងដោយមានទ្រូងផ្លូវទំហំ ១២ ម៉ែត្រ ហើយរាល់ផ្លូវបំបែកចូលឃុំនិងភូមិនានា នឹងត្រូវសង់ឡើងអោយមានទទឹងចំនួន ៩ ម៉ែត្រ។
លោកបានបន្ថែមថា តាមគំរោង ការសាងសង់ផ្លូវជាតិលេខ ៧១C នេះត្រូវចំណាយថវិកាអស់ប្រមាណជា $100 លានដុល្លារ និងត្រូវចំណាយពេលប្រមាណ ៣៦ ខែ។
ទាក់ទងនឹងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ទថា ពិធីបើកការដ្ឋានសាងសង់ផ្លូវជាតិមួយនេះ នឹងត្រូវធ្វើឡើងស្របពេលជាមួយគ្នានឹងការតភ្ជាប់ស្ពានឆ្លងទន្លេភ្ជាប់ខេត្តកំពង់ចាម ទៅនឹងខេត្តត្បូងឃ្មុំ នៅត្រង់ស្រុកក្រូចឆ្មារ៕
