
ដោយៈ ទិន សុខាវុធ
គំរោងវិនិយោគកសិដ្ឋានបន្ទះសូឡាចំនួន ៤ ថ្មីទៀត ដែលនឹងអាចផលិតថាមពលអគ្គិសនីបានចំនួន ១៤០ មេហ្គាវ៉ាត់ ត្រូវបានទទួលការអនុម័តយល់ព្រមពីរដ្ឋសភាជាតិ កាលពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។
គំរោងវិនិយោគទាំង ៤ នេះនឹងត្រូវទទួលធ្វើការវិនិយោគដោយក្រុមហ៊ុនដូចខាងក្រោមនេះ៖
១. ក្រុមហ៊ុន Green Sustainable Ventures Co Ltd គ្រោងចំណាយទុនវិនិយោគប្រមាណ $17.5 លានដុល្លារ ក្នុងការសាសង់កសិដ្ឋានបន្ទះសូឡាមួយ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង នៅលើផ្ទៃដីចំនួន ៣០ ហិកតា។ កសិដ្ឋានបន្ទះសូឡានោះនឹងមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានចំនួន 34.67 លាន kwh ក្នុងមួយឆ្នាំ។
២. ក្រុមហ៊ុន Ray Power Supply Co Ltd គ្រោងចំណាយទុនវិនិយោគប្រមាណ $28.8 លានដុល្លារ ក្នុងការសាងសង់កសិដ្ឋានបន្ទះសូឡាមួយទៀត ស្ថិតក្នុងខេត្តបន្ទាយមានជ័យ ដែលនឹងមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានចំនួន ៥០ លាន kwh ក្នុងមួយឆ្នាំ។
៣. ក្រុមហ៊ុន Energy Co Lte គ្រោងចំណាយទុនវិនិយោគប្រមាណ $57.2 លានដុល្លារ ក្នុងការសាងសង់កសិដ្ឋានបន្ទះសូឡាមួយទៀត នៅលើផ្ទៃដីប្រមាណជា ៨០ ហិកតា ក្នុងខេត្តបន្ទាយមានជ័យ ដែលនឹងមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានចំនួន ១០៧ លាន kwh ក្នុងមួយឆ្នាំ។
៤. ក្រុមហ៊ុន SchneiTec Infinite Co Ltd គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ $29 លានដុល្លារ ក្នុងការសាងសង់កសិដ្ឋានបន្ទះសូឡាមួយទៀត ស្ថិតក្នុងខេត្តពោធិសាត់ ដែលនឹងមានសមត្ថភាពអាចផលិតថាមពលអគ្គិសនីបានចំនួន ៤៨ លាន kwh ក្នុងមួយឆ្នាំ៕
