
ដោយៈ ទិន សុខាវុធ
គំរោងវិនិយោគ ១ ថ្មីទៀត សរុបទុនវិនិយោគប្រមាណ $4.7 លានដុល្លារ បង្កើតការងារចំនួន ២៧០ កន្លែង ត្រូវបានចុះបញ្ជីជាមួយនឹងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC ដែលជាស្ថាប័នមួយរបស់រាជរដ្ឋាភិបាល។ គំរោងវិនិយោគនេះជារបស់ក្រុមហ៊ុន “KUBON (CAMBODIA) BIOTECHNOLOGY CO.,LTD.” ដែលមានគោលបំណងបង្កើតរោងចក្រកែច្នៃស្បែកសត្វគ្រប់ប្រភេទ អោយទៅជាវត្ថុធាតុដើមពាក់កណ្តាលសំរេចហៅថា “Gelatine Granule” មានទីតាំងស្ថិតនៅក្នុងភូមិអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ដូចគ្នាដែរ កាលពីសប្តាហ៍មុន គំរោងវិនិយោគចំនួន ៥ សរុបទុនវិនិយោគប្រមាណ $14.78 លានដុល្លារ បង្កើតការងារ ២,៥២៩ កន្លែង ក៏ត្រូវបានចុះបញ្ជីជាមួយនឹង CDC ដែរ។ គំរោងវិនិយោគទាំងនោះរួមមាន៖
១-“CHEN BROTHERS LIGHTING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ ផ្លិតទឹកជូតកញ្ចក់រថយន្ត និងតម្រង់ខ្យល់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ១.៧១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤០ កន្លែង។
២-“QUNYOU (CAMBODIA) ELECTRIC APPLIANCE CO., LTD.” គម្រោងបង្កើតរោងចក្របង្គុំ និងតម្លើងសម្ភារៈអេឡិចត្រូនិកប្រើប្រាស់ក្នុងផ្ទះ, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៩.០៧ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥០០ កន្លែង។
៣-“JIANGSHANG (CAMBODIA) SPORT & STATIONERY CO., LTD.” គម្រោងបង្កើតរោងចក្រតំឡើងស៊ុំរូបថត និងលាបពណ៌ក្រណាត់ឱ្យរឹង, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៥ កន្លែង។
៤-“ KING SHORE GLASS (CAMBODIA) CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ២ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០ កន្លែង។
៥-“OPTIMUS BUILDING MATERIALS MANUFACTURING CO., LTD.”: គម្រោងបង្កើតរោងចក្រផលិតសម្ភារៈសំណង់, មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ខេត្តព្រះសីហនុ, មានទុនវិនិយោគចំនួន ១ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៤ កន្លែង៕
