
ដោយៈ ទិន សុខាវុធ
ធនាគារពិភពលោក (WB) ដោយរួមសហការជាមួយនឹងក្រសួងកសិកម្ម
រក្ខាប្រមាញ់ និងនេសាទ បានដាក់អោយប្រើប្រាស់នូវគំរោងធ្វើពិពិធកម្មកសិកម្មមួយ
ដែលមានតំលៃគិតជាទឹកប្រាក់ប្រមាណជា $110.65 លានដុល្លារ។
យោងតាមទំព័រ Facebook របស់ក្រសួងកសិកម្ម នៅក្នុងចំនួនទឹកប្រាក់ $110.65 ដុល្លារនេះ ទឹកប្រាក់ចំនួន $10 លានដុល្លារជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល និង $100.65 លានដុល្លារទៀត ជាជំនួយរបស់ធនាគារពិភពលោក។
នៅក្នុងសិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគំរោងធ្វើពិពិធកម្មនេះ
កាលពីថ្ងៃទី ១០ តុលា ឆ្នាំ ២០១៩ នៅឯក្រសួងកសិកម្ម លោកស្រី Inguna Dobraja តំណាង
WB ប្រចាំនៅកម្ពុជា
បានលើកឡើងថា គំរោងធ្វើពិពិធកម្មកសិកម្មនេះ (agricultural diversification) នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសំរបសំរួលធុរកិច្ចក្នុងវិស័យកសិកម្ម
ជំរុញលើកទឹកចិត្តការវិនិយោគកសិដ្ឋាននិងសំភារៈកសិកម្ម ពង្រឹងនិងផ្សារភ្ជាប់ខ្សែសង្វាក់តំលៃនិងទីផ្សារ
លើកទឹកចិត្តអោយមានកាលានុវត្តភាពធុរកិច្ចកសិកម្ម និង កំណត់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗ
ដើម្បីគាំទ្រនិងអភិវឌ្ឍធុរកិច្ចកសិកម្ម។
យ៉ាងណាម៉ិញ គំរោងខាងលើនេះនឹងត្រូវយកទៅអនុវត្តនៅក្នុងខេត្តចំនួន
១២ គឺខេត្តកំពង់ឆ្នាំង
បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ
កំពង់ចាម កណ្តាល កំពង់ស្ពឺ និងរាជធានីភ្នំពេញ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីក្រសួងកសិកម្ម វេង សាខុន បានថ្លែងអំណរគុណដល់ WB ដែលបានផ្តល់ហិរញ្ញប្បទានសំរាប់គំរោងនេះ និងគំរោងជាច្រើនទៀត ទាក់ទងទៅនឹងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៧ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
លោករដ្ឋមន្ត្រីក៏បានលើកឡើងផងដែរថា គំរោងធ្វើពិពិធកម្មកសិកម្មនេះ ដើរស្របជាមួយនឹង «យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤» របស់រាជរដ្ឋាភិបាល ដែលបានចាត់ទុកវិស័យកសិកម្មជាអាទិភាពមូយនៅក្នុងការអភិវឌ្ឍប្រទេសជាតិ៕
