We TV Cambodia

គំនិតច្នៃប្រឌិត៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប យកផ្លែដូងច្នៃធ្វើជារូបសត្វយ៉ាងស្រស់ស្អាត

គំនិតច្នៃប្រឌិត៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប យកផ្លែដូងច្នៃធ្វើជារូបសត្វយ៉ាងស្រស់ស្អាត
ដូងដែលបានច្នៃចេញជារូបសត្វ (ប្រភព៖ info.gov)

ប្រជាពលរដ្ឋក្នុងស្រុកអង្គរធំ ខេត្តសៀមរាបមានគំនិតច្នៃប្រឌិតបានយកផ្លែដូងមកច្នៃធ្វើជារូបសត្វផ្សេងៗយ៉ាងស្រស់ស្អាត ដែលអាចយកធ្វើជាវត្ថុអនុស្សាវរីយ៍លក់ឱ្យភ្ញៀវទេសចរបានទៀតផង។

អ្នកស្រី ឆន ចម្រើន រស់នៅភូមិគោលគ្រើល ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាបបានឲ្យដឹងថា ការបែកគំនិតបែបនេះ គឺផ្តើមចេញពីការយកផ្លែដូងទុំមកធ្វើជារបស់របរឱ្យកូនក្មេងលេង ពេលធ្វើជារូបសត្វផ្សេងៗទៅស្អាត អ្នកភូមិក៏បាននាំគ្នាផលិតកាន់តែច្រើន ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់លក់ជូនភ្ញៀវទេសចរណ៍។

ដូងដែលបានច្នៃចេញជារូបសត្វ (ប្រភព៖ info.gov)

អ្នកស្រីបន្តថា ពីមុនអ្នកស្រីជាជាងអ៊ុតសក់ ប៉ុន្តែដោយសាររកចំណូលមិនបាន ទើបសម្រេចចិត្តចាប់មុខរបរថ្មី គឺធ្វើវត្ថុអនុស្សាវរីយ៍រូបសត្វផ្សេងដោយច្នៃចេញពីផ្លែដូងវិញម្ដង។  ការកែច្នៃរូបសត្វទាំងនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដោយពួកគេទិញយកទៅតាំងលម្អនៅតាមគេហដ្ឋាន ហាងលក់ដូរ ឬកន្លែងកម្សាន្តនានា។

អ្នកស្រីបានបន្ថែមថា ការច្នៃរូបសត្វទាំងអស់នេះមិនចំណាយពេលយូរនោះទេ ហើយមួយថ្ងៃលក់បានប្រមាណ ៣សត្វ ឬ៥សត្វ ជួនកាលអាចឡើងដល់ ១០សត្វក៏មាន ដោយអាចលក់បានក្នុងតម្លៃ ១៣,០០០រៀលសម្រាប់ទំហំតូច, ១៥,០០០រៀលសម្រាប់ទំហំកណ្ដាល និង ២០,០០០រៀលសម្រាប់ទំហំធំ។

ដូងដែលបានច្នៃចេញជារូបសត្វ (ប្រភព៖ info.gov)

សូមបញ្ជាក់ថា សត្វដែលប្រជាពលរដ្ឋយកផ្លែដូងមកច្នៃមានដូចជា៖ ចាប កំភេម កន្ទុំរុយ ទន្សាយ មេអំបៅ កន្លង់ ឪម៉ាល់ និងសត្វឃ្មុំជាដើម។ ប៉ុន្តែ ដោយសារបច្ចុប្បន្នកូវវីដ១៩ កំពុងរីករាលដាលការលក់សត្វទាំងនេះមិនសូវបានច្រើននោះទេ។

អត្ថបទដោយ៖ Nevin

Related Articles