We TV Cambodia

គំនិតចែករំលែក៖ ៦ចំនុចនេះ អ្នកចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង​ មិនគួរមើលរំលងទេ

គំនិតចែករំលែក៖ ៦ចំនុចនេះ អ្នកចាប់ផ្ដើមអាជីវកម្មថ្មីថ្មោង​ មិនគួរមើលរំលងទេ
រូបភាពឯកសារ

អាជីវកម្ម៖ ការបង្កើតអាជីវកម្មមួយ មិនមែនសុទ្ធតែមានលុយ អាចធ្វើទៅបាន ហើយជោគជ័យទាំង​ស្រុង​នោះទេ ប្រសិនជាក្ដីស្រម៉ៃរបស់បុគ្គលម្នាក់នោះ ពិតជាធំធេង និង ចង់សម្រេចនូវភាពជោគ​ជ័យ។ ជាក់ស្ដែងណាស់ហើយការបង្កើតអាជីវកម្មមួយ ក៏មិនមែនចេះតែអង្គុយរកនឹក ហើយធ្វើចេញនោះដែរ ដរាបណា​បើមិនមាន ការសម្លឹងមើលឃើញនូវឱកាស ឬក៏ចំនុចខ្វះខាតផ្នែកណាមួយនៃតម្រូវការ ក៏មិនអាចកើតមាន។

ខាងក្រោមនេះគឺជា ចំនុចខ្លះៗ ៦ចំនុច ដែលជាទីចាប់អារម្មណ៍សម្រាប់អ្នកដែលមានបំណងចង់ ចាប់ផ្ដើមអាជីវកម្ម។

១.ការកំណត់ពីផលិតផលឲ្យបានច្បាស់លាស់

អ្នកមានបំណងបង្កើតអាជីវកម្មនីមួយៗតែងតែមានផលិតផលរបស់ខ្លួនចង់បង្ហាញទៅកាន់ អតិថិជន​ឲ្យបានស្គាល់។ អ្នកត្រូវយល់ដឹងឲ្យបានច្បាស់ អំពីផលិតផលរបស់អ្នក ទាំងគុណភាព ទាំងបរិមាណ តម្រូវការ បូករួមទាំងរយៈពេល ដែលផលិតផលមួយបន្ដបាន។ ផលិតផលគឺជាសរសរស្ដម្ភសម្រាប់ទ្រទ្រង់អាជីវកម្ម ឲ្យរឹងមាំ ដូច្នេះប្រសិនជាអ្នកស្គាល់ច្បាស់ពីផលិតផល នោះអ្នក នឹងអាចកំណត់បានទីផ្សារត្រឹមត្រូវ តម្រូវការគ្រប់បែបយ៉ាង ដែលធានាឲ្យបាន នូវទំនុកចិត្ដអតិថិជន។ អតិថិជននឹងមានទំនុកចិត្ដលើផលិតផល ប្រសិនជាអ្នកធ្វើការបង្ហាញត្រឹមត្រូវច្បាស់លាស់ អំពីផលិតផលនោះ។

២.ការកំណត់ទីផ្សារគោលដៅអតិថិជន ឲ្យបានច្បាស់លាស់

បន្ទាប់ពីអ្នកអាចកំណត់បាននូវផលិតផលរបស់អ្នកបានហើយ អ្នកប្រាកដជាមិនពិបាកកំណត់ទីផ្សារនោះទេ ហើយក៏ងាយស្រួលចរាចរណ៍ផលិតផលនោះទៅកាន់អតិថិជនដែរ។ ជាឧទាហរណ៍ ដូចជាក្រុមហ៊ុនទូរស័ព្ទ Samsung OPPO Huawei ជាដើម ក្រុមហ៊ុនបានកំណត់ទីផ្សារអតិថិជនបានច្បាស់លាស់ អ្នកមានកម្រិតជីវភាពខ្ពស់ ឬសមល្មម ក៏អាចប្រើប្រាស់បានដែរ ជាពិសេសទៅតាម ​វ័យអ្នកប្រើប្រាស់។

៣.ការកំណត់ទីតាំង

ការធ្វើអាជីវកម្ម ក៏ត្រូវការសិក្សាលើទីតាំងផងដែរ ដោយស្ថិតក្នុងទីតាំងមួយមានតម្រូវការ នោះផលិតផលរបស់អ្នក មិនពិបាកនឹង​ចរាចរណ៍នោះទេ។ តម្រូវការ សិ្ថតក្នុងទីតាំងមួយ ប្រសិនជាអ្នក ជ្រើរើសត្រូវ នោះអាជីវកម្មរបស់អ្នក នឹងរឹតតែលូតលាស់​លឿន នឹងមិនសូវជាចំណាយច្រើន​ផងដែរ ទៅលើកសេវាកម្មដឹកជញ្ជូន។​

៤. ការប្រើប្រាស់ធនធាន និង បុគ្គលិក​

វាអាស្រ័យលើប្រភេទទ្រង់ទ្រាយអាជីវកម្ម ថាតូច ឬធំ បើតូចអាចចំណាយតិច បើធំប្រាកដជាចំណាយ ច្រើន។ ការចំណាយ​ មិនថាតិចឬច្រើននោះទេ​ ម្ចាស់អាជីវកម្មត្រូវតែ​ សិក្សាឲ្យច្បាស់ ទៅលើចំនុចមួយនេះ ពេលខ្លះអាជីវកម្មតូច វាអាចបណ្ដាលឲ្យចំណាយច្រើន ប្រសិនជាអ្នកមិនបាន យកចិត្ដទុកដាក់ ទៅលើកម្រិតនៃការចំណាយរបស់ បុគ្គលិក ឬ រូបធាតុដើម។ ករណីដែលអ្នកមិនអាច កំណត់បានលើការចំណាយ ចំពោះបុគ្គលិក ឬ រូបធាតុដើម ដែលវាអាច មានកម្រិតលើសពីផលចំនូល នោះវានឹងធ្វើឲ្យអ្នកខាតបង់។ របាយការណ៍ក្រុមហ៊ុន បរទេសមួយបានបង្ហាញថា ការប្រើប្រាស់ទុន បុគ្គលិក បានត្រឹមត្រូវ គឺអាចជួយឲ្យក្រុមហ៊ុន រីកចម្រើនបាន ៣០គាគរយ ។

៥.ការបង្កើតក្រុមពិភាក្សា

បើអ្នកមានទីតាំង ផលិផល ទីផ្សារអតិថិជន និងយុទ្ធសាស្រ្ដប្រាស់ ធនធានបានល្អហើយនោះ អ្នកក៏គួរគប្បីតែ ត្រូវមានក្រុមពិភាក្សាគាំទ្រមួយទៀត។ ក្រុមពិភាក្សាគាំទ្រ អាចជួយអ្នកបាន នៅពេលអ្នកមាន បញ្ហា ឬអាចជួយសិក្សារស្រាវជ្រាវ ស្វែងយល់បន្ថែម នូវចំនុច សំខាន់ៗនៃបញ្ហាទាំងនោះ ក្នុងអាជីវកម្ម។ ពេលខ្លះ អ្នកនឹងមិនអាច​មើលឃើញពីចំនុចទាំងនោះទេ ហើយចំនុចទាំងនោះ ក៏អាចជាផ្លូវមួយ នាំអ្នកទៅរកភាពបរាជ័យក្នុងវិស័យអាជីវកម្មរបស់អ្នក។

៦.ការបង្កើនទំនាក់ទំនង

ទំនាក់ទំនងក៏ជាចំនុចសំខាន់១ផងដែរ បន្ទាប់ពីការ កំណត់ស្វែងរកទីផ្សារ។ ទំនាក់​នង អាចនាំឲ្យផលិតផលលោកអ្នក ងាយទៅដល់ ដៃអតិថិជន តាមការប្រាស្រ័យទាក់ទង។ បើអ្នកមានទំនាក់ទំនងខ្លាំងជាមួយបណ្ដាប្រភេទមនុស្សផ្សេងៗក្នុងសង្គម នោះក៏ជាមធ្យោបាយ ពង្រាយ ម៉ាកយីហោរបស់អ្នក ទៅកាន់ទីផ្សារ ដែលកំពុងតែមានតម្រូវការផងដែរ។

អត្ថបទដោយ៖ អឿ អ៊ុយ

Related Articles