We TV Cambodia

គោលដៅនាំអង្ករចេញឲ្យបាន ១លានតោនរបស់កម្ពុជាកាន់តែមានសង្ឃឹម បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយចិន

គោលដៅនាំអង្ករចេញឲ្យបាន ១លានតោនរបស់កម្ពុជាកាន់តែមានសង្ឃឹម បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាមួយចិន
អង្ករកម្ពុជាសម្រាប់នាំចេញ (ប្រភព៖ Google)

គោលដៅនាំចេញអង្ករឲ្យបាន ១លានតោនរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិកាន់តែមានសង្ឃឹមក្នុងការឆ្ពោះទៅរកជោគជ័យ បន្ទាប់ពីកម្ពុជា និងចិនបានសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា ដែលនឹងត្រូវចុះហត្ថលេខានៅមុនថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។

សម្ដេច ហ៊ុន សែន និងលោក ស៊ី ជីនពីង (ប្រភព៖ Google)

ឧកញ៉ា សុង សារ៉ន បានឲ្យដឹងថា ស្ថានភាពនៃការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ពោលគឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយការសម្រិតសម្រាំងគុណភាពនៃអង្ករសម្រាប់ការនាំចេញ តាមរយៈការធ្វើកិច្ចសន្យាកសិកម្ម បញ្ហាប្រឈម និងការដោះស្រាយបញ្ហាដែលឆ្លើយតបទៅនឹងការនាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិនជាដើម។ នេះបើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ប្រភព៖ CRF)

លោកឧកញ៉ារំពឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិននេះ នឹងក្លាយទៅជាកាលានុវត្តភាពមួយសម្រាប់កម្ពុជាក្នុងការទាក់ទាញវិនិយោគិន ដែលក្នុងនោះនឹងមានការយកចិត្តទុកដាក់បន្ថែមពីសំណាក់វិនិយោគិនរបស់ចិន ទៅលើការវិនិយោគការកែច្នៃម្ហូបអាហារ ខណៈដែលកម្ពុជាជាប្រទេសដែលមានសក្តានុពលខ្ពស់លើការផលិតស្បៀង ហើយបាននិងកំពុងក្លាយជាប្រទេសដែលចាត់ទុកថា មានសុវត្ថិភាពស្បៀង (food security) មួយយ៉ាងសំខាន់។

អង្ករកម្ពុជាសម្រាប់នាំចេញ (ប្រភព៖ Google)

សូមបញ្ជាក់ថា ការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិនក្នុងឆមាសទីមួយ ដើមឆ្នាំ២០២០នេះ មានចំនួនប្រមាណជិត ១៥ម៉ឺនតោន ដែលមានការកើនឡើង២៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។

អត្ថបទដោយ៖ Nevin

Related Articles