We TV Cambodia

គួរឲ្យសរសើរ!! លោកឃឹម ហ្វីណង់ បង្កើតគម្រោង «ភូមិគ្មានផ្លាស្ទិក» កំពុងនាំស្រុកបន្ទាយស្រីឲ្យក្លាយជាស្រុកគំរូ

គួរឲ្យសរសើរ!! លោកឃឹម ហ្វីណង់ បង្កើតគម្រោង «ភូមិគ្មានផ្លាស្ទិក» កំពុងនាំស្រុកបន្ទាយស្រីឲ្យក្លាយជាស្រុកគំរូ

ប្រជាពលរដ្ឋកម្ពុជាភាគច្រើនច្បាស់ជាបានដឹងរួចមកហើយពីអភិបាលស្រុកបន្ទាយស្រី គឺលោក ឃឹម ហ្វីណង់ ជាអភិបាលស្រុកដែលតែងតែផ្តួចផ្ដើមគំនិតថ្មីជាច្រើនក្នុងការជួយអភិវឌ្ឍន៍ស្រុកបន្ទាយស្រី និងប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីទាំងមូល។

នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០នេះ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានបង្កើតគម្រោងថ្មីមួយទៀតគឺ «ភូមិគ្មានផ្លាស្ទិក» ដោយបានប្រគល់ធុងសំរាមសាធារណៈខ្នាតធំចំនួន១៧ ជូនដល់ឃុំព្រះដាក់ សម្រាប់យកទៅដាក់នៅតាមទីតាំងរក្សាទុកសំរាមបណ្តោះអាសន្នរួមនៃភូមិនីមួយៗ និងពង្រីកវិសាលភាពនៃយុទ្ធនាការ «២០២០ បន្ទាយស្រីស្អាត» ទៅកាន់ភូមិផ្សេងទៀតបន្ថែមពីលើភូមិព្រះដាក់។

គម្រោង «ភូមិគ្មានផ្លាស្ទិក» នេះដែរ ត្រូវបានជ្រើសយកឃុំព្រះដាក់ជាឃុំគោលដៅដើម្បី បញ្ជ្រាបការយល់ដឹងពីផលប៉ះពាល់បរិស្ថាននៃសំរាមនៅតាមភូមិ ជាពិសេសកាកសំណល់ផ្លាស្ទិក។ គម្រោងនេះផ្តោតលើការអប់រំអ្នកភូមិនៅតាមផ្ទះ ការបង្កើតក្រុមយុវជនស្ម័គ្រចិត្តគំរូលើការងារបរិស្ថាន ប្រព័ន្ធលើកទឹកចិត្តនានា និងសកម្មភាពបរិស្ថានជាប្រចាំខែជាមួយអ្នកភូមិ ហើយការផ្តល់ឧបករណ៍សម្ភារៈបន្ថែមក្នុងថ្ងៃនេះ គឺជាការពង្រឹងយន្តការគ្រប់គ្រងសំរាមឱ្យរឹតតែមានប្រសិទ្ធភាពបានមួយកម្រិតទៀត។

មិនតែប៉ុណ្ណោះ គម្រោងនេះនឹងបន្តរហូតដល់ដំណាច់ឆ្នាំ២០២០ ដោយនឹងមានការប្រលងប្រណាំងភូមិស្អាតប្រចាំឃុំ ហើយភូមិជ័យលាភីនឹងទទួលបានប្រព័ន្ធចម្រោះទឹកស្អាតសម្រាប់បរិភោគមួយ សម្រាប់ប្រើប្រាស់នៅក្នុងភូមិផងដែរ។

សូមជម្រាបថា លោក ឃឹម ហ្វីណង់ បានក្លាយជាអភិបាលស្រុកបន្ទាយស្រីកាលពីខែតុលា ឆ្នាំ២០១៩ ពោលគឺមានរយៈពេល ១ឆ្នាំហើយគិតមកទល់ពេលនេះ ហើយក្នុងរយៈពេល ១ឆ្នាំនេះ លោកបានបង្កើតគម្រោងជាច្រើនក្នុងការជួយដល់ប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រីដូចជា «ផ្ទះមួយអំពូលមួយ», «គម្រោងជួសជុលកង់តាមភូមិជូនអ្នកស្រុកបន្ទាយស្រី» និងគម្រោង «ភូមិគ្មានផ្លាស្ទិក» នេះជាដើម។

អត្ថបទដោយ៖ Nevin

Related Articles