We TV Cambodia

គួរលក់ចេញឬទុក? ស្របពេល​ «មាស» អាចនឹងឡើងថ្លៃដល់២៥៣០$ក្នុងមួយតម្លឹង

គួរលក់ចេញឬទុក? ស្របពេល​ «មាស» អាចនឹងឡើងថ្លៃដល់២៥៣០$ក្នុងមួយតម្លឹង

នៅប៉ុន្មានថ្ងៃនេះ តម្លៃមាសបានធ្លាក់ចុះជាប់ៗគ្នាដោយសារកត្តាផ្សេងៗជាច្រើន។ ក្នុងនោះឥទ្ធិពលប្រាក់ដុល្លារអាមេរិកឡើងថ្លៃបានរុញតម្លៃមាសឲ្យធ្លាក់ថ្លៃផងដែរ។ យ៉ាងណាមិញ បើតាមការព្យាករណ៍របស់អ្នកវិភាគជាច្រើនបានឲ្យដឹងថាតម្លៃមាសនឹងឡើងដល់ ២១០០ដុល្លារក្នុងមួយអោន ឬស្មើនឹង២៥៣០ដុល្លារក្នុងមួយតម្លៃក្នុងអំឡុងឆ្នាំ ២០២១នេះ។ លោក សួន សាង ប្រធានប្រតិបត្តិការនៃក្រុមហ៊ុន Golden Fortune Derivative Exchange បានឲ្យដឹងថា​បច្ចុប្បន្នតម្លៃមាសត្រូវបានគេជួញដូរ​លើទីផ្សារអន្តរជាតិក្នុងតម្លៃ ១៨៥១ដុល្លារក្នុងមួយអោនត្រូវជា២៣៣០ដុល្លារក្នុងមួយតម្លឹង។ លោកបានបន្តទៀតថា មាសក្នុងដំណើរការយៈពេលវែងនៅតែបន្តឡើងថ្លៃជាពិសេសនៅក្នុងឆ្នាំ ២០២១នេះ។

​ ត្រង់ចំណុចនេះលោកបានបង្ហើបថាអំឡុងឆ្នាំនេះមាសនឹងអាចឡើងដល់២១០០ដុល្លារក្នុងមួយអោន ត្រូវជា២៥៣០ដុល្លារក្នុងមួយតម្លឹង​។ លើសពីនេះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចអាមេរិកក៏ដូចជាសេដ្ឋកិច្ចពិភពលោករងផលប៉ះពាល់ខ្លាំង ដូច្នេះដល់ពេលដែលប្រទេសមហាអំណាចមួយនេះស្ដារសេដ្ឋកិច្ចឡើងវិញ។ ទន្ទឹមនិងការស្ដារសេដ្ឋកិច្ចឡើងវិញមិនអាចធ្វើបានភ្លាមៗនោះទេ ពោលគឺត្រូវការពេល។

ក្នុងនៅឆ្នាំនេះទោះបីជាសេដ្ឋកិច្ចពិភពលោកមានកំណើនឡើងវិញក៏ពិតមែន​តែកើនឡើងយឺតយ៉ាវ ដែលនេះជាកត្តាមួយជំរុញឲ្យតម្លៃមាសនៅតែបន្តកើនឡើង។ ក្រៅពីនេះក៏មានកត្តាផ្សេងៗជាច្រើនទៀតធ្វើឲ្យមាសឡើងថ្លៃ ដូចជានៅក្នុងឆ្នាំនេះ សេដ្ឋកិច្ចនៅសហគមន៍អឺរ៉ុបអាចនឹងមានវិបត្តិដែរដោយសារវិបត្តិបំណុលនៅអ៊ីតា និងគ្រិចជាដើម។

អត្ថបទដោយ៖ ពិសី

Related Articles