
ដោយៈ ទិន សុខាវុធ
គុកព្រៃសថ្មីមូយទៀតដែលត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់ គន្ធ រីខុន ហូលឌីង ត្រូវបានសង់រួចរាល់ជាស្ថាពរ ក្នុងតំលៃទឹកប្រាក់ប្រមាណជា $41 លានដុល្លារ និងត្រូវបានប្រគល់ជូនក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០១៩ នេះ។
ទាក់ទងនឹងសំណង់ពន្ធនាគារព្រៃសថ្មីនេះ ជាដំបូងឡើយ ក្រុមហ៊ុន គន្ធ រីខុន ហូលឌីង មានបំណងវិនិយោគក្នុងការសាងសង់ពន្ធនាគារនេះ សំរាប់ដាក់អ្នកទោសទាំងឡាយណា ដែលមានសមត្ថភាពអាចបង់ថ្លៃឈ្នួល ក្នុងការជាប់ឃុំនៅទីនោះ។
មួយវិញទៀត ការវិនិយោគរបស់ក្រុមហ៊ុន គន្ធ រីខុន ហូលឌីង មានលក្ខណៈជា ការសាងសង់ ប្រតិបត្តិនិង ការផ្ទេរ (BOT) សំរាប់រយៈពេល ៤៥ ឆ្នាំ ។ ដូចនេះ ពន្ធនាគារថ្មីនោះគឺប្រកបដោយផាសុកភាពគ្រាន់បើ ពីព្រោះនៅទីនោះមានអគារសំរាប់អប់រំកែប្រែអ្នកប្រើប្រាស់គ្រឿងញៀន អគារថែទាំសុខភាព សំរាប់ផ្តល់សេវាសុខភាពដល់អ្នកជាប់ឃុំ ដែលមានសមត្ថភាពអាចបង់ថ្ងៃសេវានេះ។
ក៏ប៉ុន្តែក្រោយមក ក្រសួងមហាផ្ទៃក៏បានចរចារជាមួយនឹងក្រុមហ៊ុន គន្ធ រីខុន ហូលឌីង ក្នុងគោលបំណងទិញយកពន្ធនាគារព្រៃសថ្មីនេះ មកដាក់នៅក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ។ ជាលទ្ធផល ពិធីប្រគល់ពន្ធនាគារថ្មីនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី ១៥ នេះតែម្តង។
យោងតាមលោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ រហូតមកដល់សព្វថ្ងៃនេះ ចំនួនអ្នកជាប់ពន្ធនាគារនៅទូទាំងប្រទេស មានជាង ៣៦,៦០០ នាក់ ក្នុងនោះស្រីមានជាង ៣,០០០ នាក់ ដែលភាគច្រើននៃជនទាំងនោះត្រូវបានជាប់ទោសពីបទល្មើសគ្រឿងញៀន៕

