We TV Cambodia

គិតត្រឹមខែសីហា កម្ពុជានាំចេញអង្ករសរុបជាង ៤៤ម៉ឺនតោន កើនឡើងជាង៣១%

គិតត្រឹមខែសីហា កម្ពុជានាំចេញអង្ករសរុបជាង ៤៤ម៉ឺនតោន កើនឡើងជាង៣១%
ឃ្លាំងអង្ករកម្ពុជា (ប្រភព៖ CRF)

ត្រឹមរយៈពេល ៨ខែ ពោលគឺចាប់ពីខែកមរា ដល់ខែសីហា ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករសរុបចំនួន៤៤៨,២០៣តោន ដែលមានកើនឡើងជាង៣១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

អង្ករកម្ពុជា (ប្រភព៖ info.gov)

ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកកសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម បានឱ្យដឹងថា អង្ករដែលបាននាំចេញនេះ មានទៅសហភាពអឺរ៉ុបចំនួន ២៤,៨១%, ខណៈទីផ្សារប្រទេសចិនមានចំនួន១៩,៧៩%, ទីផ្សារអាស៊ានចំនួន ៤២,៤៩% និងទីផ្សារដទៃទៀតសរុប ៦៨,៩២ភាគរយ។

ទីផ្សារដែលជាទិសដៅនាំចេញរបស់កម្ពុជាក្នុងរយៈពេល ៨ខែនេះមានចំនួន ៥៩ប្រទេស ដោយក្នុងនោះប្រទេសចិន ឈរនៅលំដាប់ទី១, បារាំងឈរនៅលំដាប់ទី២ និងលំដាប់លេខ៣ ធ្លាក់ទៅលើប្រទេសហ្គាបុង។

ឃ្លាំងអង្ករកម្ពុជា (ប្រភព៖ CRF)

ឯកឧត្តម បានបន្ថែមថា លេខាធិការដ្ឋានបាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់ក្រុមហ៊ុននាំចេញអង្ករ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនដឹកជញ្ជូន ឲ្យខិតខំការរៀបចំថែទាំស្រូវ កែច្នៃអង្ករមុនការនាំចេញ និងបំពេញបែបបទដោយអនុលោមតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល។ ជាពិសេស គោរពឱ្យបានស្តង់ដារភូតគាមអនាម័យទាំងបរិមាណ គុណភាព និងនីតិវិធីជាធរមាន សំដៅបង្កើនការនាំចេញឱ្យបានច្រើនតាមការរំពឹងទុក។

អង្ករកម្ពុជា (ប្រភព៖ info.gov)

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសហព័ន្ធស្រូវអង្ករ បានព្យាករថា នៅឆ្នាំ២០២០នេះ កម្ពុជានឹងអាចសម្រេចគោលដៅនាំចេញអង្ករបានដល់ជាង ៨០ម៉ឺនតោន ឬកៀកទៅនឹង ១លានតោន៕

អត្ថបទដោយ៖ Nevin

Related Articles