We TV Cambodia

គិតខុសពីគេ ទោះគេថាអ្នកឆ្កួតក៏ដោយ ក៏ត្រូវសាកល្បងព្រោះគេមិនមែនជាអ្នក

គិតខុសពីគេ ទោះគេថាអ្នកឆ្កួតក៏ដោយ ក៏ត្រូវសាកល្បងព្រោះគេមិនមែនជាអ្នក

ដោយ៖ស្រីពេជ្រ

រូបតំណាង ប្រភពពី Google

ជាការពិតណាស់ មនុស្សម្នាក់ៗតែងមើលឃើញពិភពលោកខាងក្រៅ តាមទស្សនៈវិស័យខុសៗគ្នា។ មានមនុស្សតិចណាស់ដែល ហ៊ានសម្រេចដើរផ្លូវខុសគេ ដោយមិនខ្វល់ពីការសើចចំអកពីមនុស្សជុំវិញខ្លួន។ ហើយមូលហេតុតែម្យ៉ាងដែលគេសម្រេចចិត្តធ្វើការងារ ឬធ្វើអ្វីមួយខុសពីគេនោះគឺ ពួកគេគិតថា ការធ្វើអ្វីមួយខុសពីអ្នកដទៃ និងនាំគេទៅរកផ្លូវមួយដែលជោគជ័យ ខុសពីអ្វីដែលមនុស្សទូទៅគេកំពុងធ្វើ។

ហេតុផលម្យ៉ាងដែលសំខាន់នោះគឺត្រង់ថា  អ្នកស្គាល់ខ្លួនឯងច្បាស់ថាអ្នកកំពុងធ្វើអ្វី អ្នកចង់បានអ្វី ហើយអ្នកសម្រេចគោលដៅនោះដោយរបៀបណា។ ទោះប្រើតាមវិធីណា ក៏អ្នកមិនគួររារែកដែរ ព្រោះថាគ្រប់ជម្រើសដែលអ្នកជ្រើសសុទ្ធតែផ្ដល់ផល និងផ្លែផ្កាឱ្យអ្នកអាស្រ័យលើការប្រឺងប្រែងរបស់អ្នក។
អ្នកអាចយល់បានតាមរយៈឧទាហរណ៍ជាក់ស្ដែងមួយ៖ នៅពេលដែលគ្រប់គ្នាដាំស្វាយ គឺព្រោះតែគេគិតថាដំណាំស្វាយគឺជាដាំណាំដែលអាចផ្គត់ផ្គង់ទីផ្សារបានច្រើន ហើយងាយស្រួលផងដែរ តែអ្នកបែជាដាំ ដំណាំតូចតាចដូចជា ស្លឹកគ្រៃ និងក្រូចឆ្មាជាដើម ហើយអ្នកត្រូវបានគេសើចចំអកព្រោះអ្នកមិនដាំស្វាយដូចគេ។   ក្នុងឧទារណ៍នេះ បានសេចក្ដីថា ទោះអ្នកគិតអ្វី ធ្វើអ្វី ប្រកបកិច្ចការអ្វីក៏ដោយ ទោះវាខុសពីគេ ត្រូវបានគេសើចចំអក ឬមិនឱ្យតម្លៃក្ដី ក៏អ្នកមិនត្រូវទោរទន់តាមការបំបាក់ទឹកចិត្តទាំងនោះដែរ អ្នកត្រូវរិះរកមធ្យោបាយណាដើម្បីបង្ហាញថា អ្នកគឺអស្ចារ្យ អ្នកនឹងជោគជ័យ។

ក្នុងនោះផងដែរ អ្នកវិញវិទ្យាសាស្រ្តជាច្រើនអ្នក បានស្រាវជ្រាវរកអ្វីដែលថ្មី ជួនកាលការរកឃើញនោះវា ស្ទើរតែធ្វើអោយសាធារណៈជន គេមិនចាប់អារម្មណ៍​ គេថាវាជារឿងឆ្កួតឡប់ រហូតមានការរិះគន់ថាអ្នកឆ្កួតហើយ ដែលមានគំនិតបែបនេះ បែបនោះជាដើម។ តែអ្វីដែលធ្វើអោយគេភ្លឺភ្នែកនោះគឺ ជាលទ្ធផលអ្នកបានធ្វើអោយការយល់ខុសនោះ មកជាការកោតសរសើពីស្នាដៃអ្នក ពីភាពជោកជ័យរបស់អ្នកទៅវិញ។

ជាចុងក្រោយ បើអ្នករវល់តែខ្លាចការសើចចំអករបស់អ្នកដទៃ ហើយអ្នកបោះបង់ក្ដីស្រមៃរបស់អ្នក នោះអ្នកនឹងមិនអាចរកឃើញភាពជោគជ័យពិតប្រាកដបានទេ។ ដូចនេះហើយ កុំខ្លាចក្នុងការដែលអ្នកធ្វើអ្វីខុសពីគេ ព្រោះអ្នកជាខ្លួនអ្នក អ្នកជាអ្នកសម្រេចក្ដីសុបិន្តរបស់អ្នក អ្នកជាម្ចាស់វាសនា និងជាអ្នកកំណត់អនាគតនៃខ្លួនអ្នក ចូររស់តាមរបៀបដែលនឹងនាំឱ្យអ្នកនូវក្ដីសុខ និងសន្តិភាព៕

Related Articles