We TV Cambodia

គម្រោង អេមស៍ (AIMS) បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកកសិផលប្រជាកសិករទៅកាន់ទីផ្សារ

គម្រោង អេមស៍ (AIMS) បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកកសិផលប្រជាកសិករទៅកាន់ទីផ្សារ

ដោយ៖ពេជ្រ

ភ្នំពេញ៖ គម្រោង អេមស៍ (AIMS) បាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកកសិផលប្រជាកសិករទៅកាន់ទីផ្សារ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ  ក្នុងថ្ងៃ ១៨ កក្កដា ឆ្នាំ២០២០។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានបង្ហាញការពេញចិត្ត និងរីករាយខ្លាំងទៅលើគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ (AIMS) ព្រោះបាននឹងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រីកកសិផលរបស់ប្រជាកសិករទៅកាន់ទីផ្សារ។

លោករដ្ឋមន្ត្រីបានឱ្យដឹងថា គម្រោងអេមស៍គឺដើរតួនិងរួមចំណែកយ៉ាងសំខាន់ ជាពិសេសក្រុមហ៊ុនឯកជន និងអ្នកពាក់ព័ន្ធនានាក្នុងវិស័យនេះត្រូវសហការគ្នាធ្វើឱ្យមានដំណើរការល្អក្នុងខ្សែច្រវ៉ាក់តម្លៃមាន់ស្រែ ដើម្បីជាផលប្រយោជន៍ដល់តួអង្គទាំងអស់ក្នុងខ្សែច្រវ៉ាក់តម្លៃរួមទាំងអ្នកផលិតខ្នាតតូចផងដែរ ដើម្បីធ្វើឱ្យការវិនិយោគរវាងវិស័យសារធារណៈ និងឯកជនលើខ្សែច្រវ៉ាក់តម្លៃមាន់ស្រែមានប្រសិទ្ធភាពខ្ពស់ ។

ទន្ទឹមនឹងនេះដែរ  គម្រោងអេមស៍នេះ នឹងជួយសម្របសម្រួលដល់ក្រុមហ៊ុន ក្នុងការស្វែងរកហិរញ្ញប្បទាន ដើម្បីពង្រីកអាជីវកម្ម ដើម្បីអញ្ជើញចូលរួមពិព័ណ៍ភូមិមួយផលិតផលមួយ និងកម្មវិធីយុទ្ធនាការទិញផលិតផលខ្មែរ នឹងជួយពង្រីកទីផ្សារកសិផលកាន់តែខ្លាំងក្លាថែមទៀត។

នាយកគម្រោងអេមស៍ លោក ចាន់ សុខទីបានឱ្យដឹងថា គម្រោងអេមស៍ បានចងក្រងក្រុមកសិករផលិតមាន់ស្រែបានចំនួន ៩០៦គ្រួសារ ចែកចេញជា ២១ក្រុម កសិករផលិតនៅខេត្តកំពត។

សូមជម្រាបជូនថា គម្រោងអេមស៍មានប្រតិបត្តិការនៅ ១៨ខេត្ត និងគាំទ្រខ្សែច្រវ៉ាក់តម្លៃផលិតផល ៥ប្រភេទ ដូចជាបន្លែ មាន់ស្រែ ស្រូវ ដំឡូង មី និងសូត្រឆៅ ចំណែកឯអ្នកទទួលផលគោលដៅផ្ទាល់របស់គម្រោង គឺជាគ្រួសារកសិករខ្នាតតូចរួមមានកសិករក្រីក្រ និងស្ថានភាពជិតក្រីក្រចំនួន ៧៥,០០០ គ្រួសារ ដែលស្ម័គ្រចិត្តសហការជាមួយសកម្មភាពគម្រោងតាមរយៈការចូលរួមក្នុងខ្សែច្រវ៉ាក់តម្លៃ៕

ប្រភព៖ ក្រសួងពាណិជ្ជកម្ម

Related Articles