We TV Cambodia

គម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់» នឹងរៀបចំនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម

គម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់» នឹងរៀបចំនៅសកលវិទ្យាល័យភូមិន្ទកសិកម្ម

ដោយ៖ពេជ្រ

ភ្នំពេញ៖ គម្រោង «កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ជីវឧស្ម័នខ្នាតធំ (BTIC)»ត្រូវបានបង្កើតឡើង ដែលមានទីតាំង នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ។

មជ្ឈមណ្ឌលព័ត៌មាន និងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ត្រូវបានបង្កើតឡើងរួមគ្នាដោយអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (យូនីដូ) និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។ មជ្ឈមណ្ឌលនេះគាំទ្រដោយគម្រោង “កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់តាមរយៈការលើកកម្ពស់ជីវឧស្ម័នខ្នាតធំ” ដែលកំពុងអនុវត្តរួមគ្នាដោយ ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនិងអង្គការយូនីដូជាមួយនឹងការគាំទ្រហិរញ្ញវត្ថុពីមូលនិធិបរិស្ថានពិភពលោក (GEF)។

មជ្ឈមណ្ឌលនេះត្រូវបានប្រកាសបើកជាផ្លូវការនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ហើយមានទីតាំងស្ថិតនៅក្នុងមហាវិទ្យាល័យវិស្វកម្មកសិកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA)នៃប្រទេសកម្ពុជា។

សូមជម្រាបជូនថា BTIC ត្រូវបានបង្កើតឡើងដើម្បីដើរតួជាមជ្ឈមណ្ឌល ផ្តល់ព័ត៌មាននិងបច្ចេកវិទ្យាជីវឧស្ម័នខ្នាតធំ ព្រមទាំងផ្តល់សេវាបច្ចេកទេស រាប់បញ្ចូលទាំងការបណ្តុះបណ្តាលដល់អ្នកពាក់ព័ន្ធនានាដូចជាកសិដ្ឋានចិញ្ចឹមជ្រូក, រោងចក្រកែច្នៃផលិតផលកសិកម្ម អ្នកអភិវឌ្ឍន៍គម្រោង, វិនិយោគគិន,អ្នកធ្វើគោលនយោបាយ, ស្ថាប័នហិរញ្ញវត្ថុ​ និងអ្នកស្រាវជ្រាវ ព្រមទាំងក្រុមហ៊ុនវិស្វកម្មក្នុងស្រុក។

មជ្ឈមណ្ឌលនឹងរួមចំណែកដល់ការអភិវឌ្ឍថាមពលជីវឧស្ម័នដែលជាប្រភពថាមពលស្អាតនៅតាមកសិដ្ឋានដើម្បីគាំទ្រអគ្គិសនីកម្មជនបទ ព្រមទាំងរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងធ្វើឲ្យប្រសើរឡើងការគ្រប់គ្រងកាកសំណល់កសិកម្មដើម្បីការពារសុខភាពមនុស្សនិងបរិស្ថាន៕

Related Articles