ភ្នំពេញ៖ គម្រោងអភិវឌ្ឈន៍ផ្លូវជាតិ លេខ៥ ទៅជាផ្លូវហាយវេ លំដាប់លេខ១ ដែលមានប្រវែង វែងជាងគេក្នុងប្រទេសកម្ពុជា ត្រូវបានសម្រេច លទ្ធផលជិតបាន ៧០ភាគរយហើយ ជាមួយគម្រោងទឹកប្រាក់ ដល់ទៅប្រមានជា ៥០០លានដុល្លារ។
គម្រោងអភិវឌ្ឈន៍ ផ្លូវជាតិលេខ៥ទៅជា ផ្លូវហាយវេ ដែលមានប្រវែង សរុបចំនួន៣៦៦គីឡូម៉ែត្រ កាត់ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងទៅដល់បន្ទាយមានជ័យ ពេលនេះ ទទួលបានលទ្ធផល ស្ទើតែ ៧០ភាគរយហើយ ក្រោមការខិតខំប្រឹងប្រែងពីភាគីទទួលគម្រោង។
យោងតាមការចុះផ្សាយជាផ្លូវការរបស់ ផេកសាធារណៈការ និងដឹកជញ្ជូនបានបង្ហាញថា៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោង ចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក។
ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយកៅស៊ូAC និងមានសួរច្បារកណ្តាល។ គម្រោងស្ថាបនាកំណាត់ផ្លូវនេះត្រូវបានបែងចែកជាពីរកញ្ចប់ក្នុងនោះ៖ កញ្ចប់ទី១សាងសង់ដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦,២៧គម (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គម) ហើយកញ្ចប់ទី២សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង៣៨,៤៧គម (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គម) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ហើយការស្ថាបនាមានរយៈពេលន៣៦ខែ។ ដោយឡែក គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោ ភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបងរហូតដល់ ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣,០៤ លានដុល្លារអាមេរិក និងបានសម្ភោធបើក ការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ហើយគិតរហូតមកដល់ពេលនេះសកម្មភាពការងារ ដែលបានសម្រេចបានគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០គឺ៖ កញ្ចប់ទីមួយសម្រេចបាន ៦៨,១០% និងកញ្ចប់ទីពីរសម្រេចបាន៦៦,១០%ហើយ។
គួរកត់សម្គាល់ផងដែរថា៖ កំណាត់ផ្លូវជាតិនេះជាផ្លូវអាស៊ានហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការ កកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដង ផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕
ទស្សនារូបភាពខាងក្រោម៖
អត្ថបទដោយ៖ អឿ អ៊ុយ
ប្រភព៖ ក្នុងស្រុក
