We TV Cambodia

គម្រោងអភិវឌ្ឈន៍ចំនួន២ក្នុងខេត្ដកំពតនឹង​បង្កើនភាពលូតលាស់លើវិស័យទេសចរណ៍

គម្រោងអភិវឌ្ឈន៍ចំនួន២ក្នុងខេត្ដកំពតនឹង​បង្កើនភាពលូតលាស់លើវិស័យទេសចរណ៍

 

យោងតាមការលើកឡើងរបស់ អភិបាលខេត្តកំពត លោក ជាយ តាវ  នៅក្នុងសន្និសីទ​សារព័ត៌មានមួយដែលធ្វើឡើងនៅរាជធានីភ្នំពេញ បានឲ្យដឹងថា មានគម្រោងចំនួនវិនិយោគចំនួន ២ ដែលនឹងឈានជើងពង្រីកសក្ដានុពលរបស់ខ្លួន ក្នុងខេត្ដកំពត ក្នុងតំបន់ស្រុកទឹកឈូ ដែលគម្រោងទាំងនេះ នឹងជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តនេះបន្ថែមទៀត។

គម្រោងទី ១ ស្ថិតនៅក្នុងឃុំម៉ាក់ប្រាំង ដែលមានចម្ងាយប្រមាណជា ១៧ គីឡូម៉ែត្រពីទីរួមខេត្តកំពត ហើយគម្រោងមួយនេះ នឹងផ្ដល់មកជូននូវសួនកម្សាន្តធម្មជាតិ ភោជនីយដ្ឋាន និងសេវាកម្មទេសចរណ៍តាមបណ្តោយព្រែកក្នុងចំណោមសេវាកម្មនានាជាច្រើនទៀត។ ចំណែក គម្រោងទី ២ នៃការកែលំអហេដ្ឋារចនាសម្ព័ន្ធនឹងផ្តោតលើការស្តារ​ប្រឡាយ និងការស្ថាបនាផ្លូវបេតុងទៅកាន់ទីតាំងទេសចរណ៍ផ្សេងៗក្នុងតំបន់ទឹកឈូ។

ខេត្ដកំពតមានចម្ងាយផ្លូវប្រមាណជា១៤៧ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយខេត្ដនេះគឺជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយរបស់ប្រទេសកម្ពុជាជាមួយនឹងសម្រស់និងធនធានវប្បធម៌ សម្បត្ដិធម្មជាតិ ដ៏ស្រស់ស្អាតផងដែរ។

ដោយ៖ Stince

Related Articles