បើទោះបីជាប្រទេសកម្ពុជាកំពុងតែស្ថិតក្នុងស្ថានភាព កូវីដ១៩ ក៏ដោយ ចំពោះដំណើរការជួសជុល ប្រសាទ កណ្ដាលស្រះស្រង់ នៅតែបន្ដរហូត គិតមកទល់ពេលនេះ មានរយៈពេល៩ខែមកហើយ។ យ៉ាងណាមិញ ដោយយោងតាមការលើកឡើងរបស់ អ្នកជំនាញអាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា គម្រោងនេះ នឹងត្រូវខិតខំប្រឹងប្រែង បញ្ចប់ការជួសជុលជាស្ថាពរ នៅបំណាច់ឆ្នាំ២០២០នេះតែម្ដង។
កញ្ញា ម៉េង សុវណ្ណលីលីន ក្រុមការងារបច្ចេកទេស នៃ គម្រោងមួយនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមការងារកំពុងរៀបថ្មភក់រួតទី៧ និងទី៨ នៃប្រាសាទបង្ហើយ និងការរៀបចំកូនទំនប់ ដើម្បីទប់ជើងទេរដែលធ្វើពីដីឥដ្ឋ ជុំវិញគ្រឹះប្រាសាទការពារពេលបញ្ចូលទឹកវិញ មិនធ្វើឱ្យដីឥដ្ឋរលាយ។ រូបរាងប្រាសាទកណ្តាលស្រះស្រង់ មានរាងដូចជាចេតិយមួយ សង់នៅលើខឿនថ្មបាយក្រៀមនិងលាយថ្មភក់ចំនួន ៨ រួត។ នេះជាសំណង់មួយដែលមានលក្ខណៈប្លែកគេនៅក្នុងតំបន់អង្គរ។ ក្រោយការជួសជុលតួប្រាសាទ និងបិទទំនប់ជើងទេររួចរាល់ អាជ្ញាធរជាតិអប្សរានឹងបើកទឹកបញ្ចូលវិញ។ ដើម្បីធានាសុវត្ថិភាពប្រាសាទពេលក្រោយពេលបញ្ចូលទឹក គឺក្រុមការងារបានរៀបចំគ្រឹះយ៉ាងពិសេសដោយប្រើថ្មបាយក្រៀមទាំងអស់នៅខាងក្នុង ប្រើដែកទាមថ្ពក់ភ្ជាប់រចនាសម្ពន្ធថ្មបាយក្រៀមមួយៗឱ្យជាប់មាំបានល្អ។
ដោយ៖ Stince
