We TV Cambodia

គម្រោងឆ្នេរសិប្បនិមិត្តនៅកំពតត្រូវជាប់គាំង ខណៈរដ្ឋបញ្ជាឲ្យឈប់បូមខ្សាច់បណ្ដោះអាសន្នសិន

គម្រោងឆ្នេរសិប្បនិមិត្តនៅកំពតត្រូវជាប់គាំង ខណៈរដ្ឋបញ្ជាឲ្យឈប់បូមខ្សាច់បណ្ដោះអាសន្នសិន

គម្រោងសាងសង់ឆ្នេរខ្សាច់សិប្បនិម្មិតក្នុងខេត្តកំពតដែលមានតម្លៃជាង ២ពាន់លានដុល្លារកំពុងជាប់គាំង ខណៈរដ្ឋបាលខេត្តបានបញ្ជាឲ្យក្រុមហ៊ុនដែលទទួលខុសត្រូវលើគម្រោងនេះផ្អាកការបូមខ្សាច់ជាបណ្ដោះអាសន្នសិន។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានប្រាប់ឲ្យដឹងថា ការបញ្ជាឲ្យផ្អាកការបូមខ្សាច់នេះដោយសារតែក្នុងពេលចុះពិនិត្យការដ្ឋានរបស់ក្រុមហ៊ុន IGB Cambodia Co, Ltd  ឃើញថា សកម្មភាពជីកឃ្លងផ្លូវទូក និងការបូមខ្សាច់ចេញពីសមុទ្រអាចនឹងប៉ះពាល់ដល់ជិវិតដើមកោងកាង និងជីវៈចម្រុះដទៃទៀត ព្រោះឃ្លងផ្លូវទូកដែលជិះនេះមានទំហំធំ និងជម្រៅដល់ទៅ ៤ម៉ែត្រឯណោះ។

ដោយឡែក ចំពោះការចុះទៅពិនិត្យរបស់រដ្ឋបាលខេត្តកំពតលើគម្រោងសាងសង់ឆ្នេរសិប្បនិម្មិតនេះ គឺដើម្បីពិនិត្យ និងជំរុញការអភិវឌ្ឍឲ្យបានលឿន ដើម្បីបម្រើដល់វិស័យទេសចរណ៍នៅពេលខាងមុខនេះ។ ប៉ុន្តែទោះយ៉ាងណា ដោយសារតែមានផលប៉ះពាល់ដល់បរិស្ថាន ទើបរដ្ឋបាលខេត្តតម្រូវឲ្យក្រុមហ៊ុនសាងសង់ត្រូវពិនិត្យលើការជីកផ្លូវទូកម្ដងទៀតផងដែរ។

សូមជម្រាបថា គម្រោងសាងសង់ឆ្នេរខ្សាច់សិប្បនិម្មិតក្នុងខេត្តកំពតនេះមានទីតាំងស្ថិតនៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដី ២៣៤ហិកតា និងចំណាយទឹកប្រាក់ប្រមាណ ២ពាន់លានដុល្លារឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles