យោងតាមការប្រកាសនៅលើហ្វេសប៊ុកផេកផ្លូវការរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រថានរដ្ឋសភា បានឲ្យដឹងថា គណៈកម្មាធិការអចិន្រៃយ៍រដ្ឋសភា ទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ឱ្យគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា សម្រេចទទួលយកសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្នតាមសំណើរបស់រាជរដ្ឋាភិបាលប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា។
គូសបញ្ជាក់ផងដែរថា ការដាក់ប្រទេសជាតិក្នុងគ្រាអាសន្ននេះ គឺដោយសារតែកម្ពុជាកំពុងតែទទួលរងនូវការរីករាលដាលនៃមេរោគ COVID-19 ហើយរាជរដ្ឋាភិបាលកម្ពុជាបានពិនិត្យឃើញថា ស្ថានភាពនៅលើពិភពលោកទាំងមូលមិនទាន់មានភាពធូរស្រាលនោះទេ ក្រៅតែពីប្រទេសចិន និងប្រទេសមួយចំនួនទៀតដែលទើបតែមានភាពធូរស្រាលខ្លះៗនៅឡើយ។
អត្ថបទដោយ៖ Nevin