ដោយៈ ទិន សុខាវុធ
ខ្សែរថភ្លើងរត់នៅលើស្ពានអាកាស (metro) នៅក្នុងទីក្រុងហាណូយ លើកដំបូងរបស់ប្រទេសវៀតណាម នឹងត្រូវដាក់អោយដំណើរការនៅក្នុងឆ្នាំ ២០២០ នេះ យោងតាមសារព័ត៌មាន VN Express របស់វៀតណាម។
សារព័ត៌មាន VN Express បានអោយដឹងទៀតថា គំរោងវិនិយោគខ្សែរថភ្លើងនេះ គិតជាទឹកប្រាក់សរុបមានចំនួនប្រមាណជា $868 លានដុល្លារ សំរាប់ការសាងសង់ផ្លូវរថភ្លើងលើអាកាសប្រវែង ១៣ គីឡូម៉ែត និងស្ថានីយចំណតចំនួន ១២ កន្លែង។
គំរោងខ្សែរថភ្លើងនេះធ្លាប់ត្រូវបានប្រកាសម្តងរួមមកហើយថា នឹងត្រូវដាក់អោយដំណើរការនៅក្នុងឆ្នាំ ២០១៩ កន្លងទៅនេះ។ ក៏ប៉ុន្តែ គំរោងនេះត្រូវបានពន្យាពេលទៅវិញ ដោយសារបញ្ហាសុវត្ថិភាព។
ដើម្បីដោះស្រាយបញ្ហាសុវត្ថិភាព រដ្ឋាភិបាលវៀតណាមបានជួលក្រុមហ៊ុនបារាំង Apave Certifier-Tricc អោយមកធ្វើការត្រួតពិនិត្យផ្លូវដែកនេះ បន្ទាប់ពីក្រុមហ៊ុនចិនមួយបានម៉ៅការសាងសង់រួចរាល់អស់ហើយ។
យ៉ាងណាម៉ិញ ការសាងសង់ផ្លូវដែកនេះ ត្រូវបានចាប់ផ្តើមឡើងតាំងពីឆ្នាំ ២០១១ មកម្លេះ តែដោយមានបញ្ហាហិរញ្ញវត្ថុ គំរោងវិនិយោគនេះត្រូវបានពន្យាពេលរហូតមកដល់ឆ្នាំ ២០១៧ ទើបបញ្ហាហិរញ្ញវត្ថុត្រូវបានដោះស្រាយរួច ដោយសារតែប្រទេសចិនបានសុខចិត្តផ្តល់កំចីសំរាប់គំរោងនេះ៕