ដោយៈ ទិន សុខាវុធ
ប្រព័ន្ធបញ្ជូនថាមពលអគ្គិសនីចំនួន ១៩៥ មេហ្គាវ៉ាត់ពីប្រទេសឡាវ ត្រូវបានតំលើងនិងត្រូវបានតភ្ជាប់ទៅនឹងប្រព័ន្ធខ្សែបណ្តាញបញ្ជូនចរន្តអគ្គិសជាតិរបស់កម្ពុជារួចស្រេចបាច់អស់ហើយ ក្រោយពីទំនប់វារីអគ្គិសនី Dan Sahong Dam នៅក្នុងប្រទេសឡាវត្រូវបានសង់រួចរាល់ និងត្រូវបានដាក់សាកល្បងអោយដំណើរការ នៅពេលថ្មីៗនេះ។
យោងតាមលោក Victor Jona អ្នកនាំពាក្យនៃក្រសួងរ៉ែនិងថាមពល ប្រព័ន្ធបញ្ជូនថាមពលអគ្គិសនីនេះ គ្រាន់តែត្រូវបានតភ្ជាប់តែប៉ុណ្ណោះ មិនទាន់មានដំណើរការនៅឡើយទេ។ ហើយការបញ្ជូនថាមពលអគ្គិសនីពិតប្រាកដ នឹងត្រូវធ្វើឡើងនៅត្រីមាសទីមួយក្នុងឆ្នាំនេះ នៅពេលដែលកម្ពុជានឹងប្រកាសទីញថាមពលពីប្រទេសឡាវជាផ្លូវការ។
យ៉ាងណាម៉ិញ នៅពេលដែលការបញ្ជាទិញថាមពលអគ្គិសនីនឹងត្រូវធ្វើឡើងជាផ្លូវការ ថាមពលអគ្គិសនីចំនួន ១៩៥ មេហ្គាវ៉ាត់នឹងត្រូវបញ្ជូនមកពីប្រទេសឡាវ ក្នុងតំលៃ $0.073 ក្នុងមួយគីឡូវ៉ាត់ម៉ោង ហើយវានឹងត្រូវតភ្ជាប់ទៅនឹងខ្សែបណ្តាញបញ្ជូនចរន្តអគ្គិសនីជាតិ ដែលត្រូវបានសង់ឡើងចាប់ពីខេត្តស្ទឺងត្រែង រហូតមកដល់ទីក្រុងភ្នំពេញ។
មួយវិញទៀត ទំនប់វារីអគ្គិសនី Dan Sahong Dam ជាគំរោងវិនិយោគមួយ មានតំលៃជាទឹកប្រាក់ប្រមាណជា $500 លានដុល្លារ និងត្រូវបាននិងកំពុងវិនិយោគដោយក្រុមហ៊ុនម៉ាឡេស៊ី Mega First Corporation Berhad ដែលមានភាគហ៊ុនចំនួន ៨០% និងក្រុមហ៊ុន EDL-Generation Public Company ដែលមានភាគហ៊ុនចំនួន ២០% ៕
