We TV Cambodia

ខ្សត់ខ្យងធម្មជាតិ កសិករខេត្តមណ្ឌលគិរីបង្វែរមកចិញ្ចឹមខ្យងវិញ រកចំណូលបាន ១ពាន់ដុល្លារក្នុងមួយខែ

ខ្សត់ខ្យងធម្មជាតិ កសិករខេត្តមណ្ឌលគិរីបង្វែរមកចិញ្ចឹមខ្យងវិញ រកចំណូលបាន ១ពាន់ដុល្លារក្នុងមួយខែ
ការចិញ្ចឹមខ្យង (ប្រភព៖ កសិដ្ឋាន សាហ្វាត SAFAT Farm)

ខ្យងធម្មជាតិកំពុងខ្សត់ខ្សោយនៅតាមបឹងធម្មជាតិ និងវាលស្រែ ធ្វើឲ្យកសិករក្នុងខេត្តមណ្ឌលគិរីបង្វែរមកចិញ្ចឹមខ្យងវិញម្ដង ខណៈតម្រូវការខ្យងលើទីផ្សារកំពុងមានការកើនឡើង និងអាចឲ្យកសិកររកចំណូលបានខ្ទង់ ១ពាន់ដុល្លារក្នុងមួយខែៗ។

ការចិញ្ចឹមខ្យង (ប្រភព៖ info.gov)

លោក ហាច ឆន ម្ចាស់កសិដ្ឋានចិញ្ចឹមខ្យងនៅឃុំអូរណារ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី បានឲ្យដឹងថា ការចិញ្ចឹមខ្យងតាមបែបធម្មជាតិកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនទាំងក្នុង និងក្រៅខេត្ត ដោយក្នុងមួយថ្ងៃៗរកខ្យងលក់សឹងមិនគ្រប់ ។

ការចិញ្ចឹមខ្យង (ប្រភព៖ កសិដ្ឋាន សាហ្វាត SAFAT Farm)

លោកបន្តថា បច្ចុប្បន្នកសិដ្ឋាននេះលក់តែប្រភេទខ្យងពូជ ដើម្បីលក់ចែកចាយបន្តជូនកសិករដែលមានបំណងចង់ចិញ្ចឹម យកទៅចិញ្ចឹមយកសាច់សំរាប់លក់បន្ត ដោយខ្យងពូជលក់បានតម្លៃ៣ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលក្នុង១ខែអាចលក់បានចន្លោះពី១០០-១៥០គីឡូក្រាម។ ការចិញ្ចឹមខ្យងរបស់កសិដ្ឋានលោក គឺចិញ្ចឹមតាមគោលការណ៍បែបធម្មជាតិ ដោយមិនប្រើចំណីអ្វីផ្សេងក្រៅពីផ្លែឈើ ឬសរុក្ខជាតិ បន្លែ ឬចំណីត្រីនោះឡើយ ដែលបានជួយធ្វើឲ្យជីវភាពគ្រួសាររបស់លោកមានភាពល្អប្រសើរ។

ការចិញ្ចឹមខ្យង (ប្រភព៖ info.gov)

លោក ឆន សង្កត់ធ្ងន់ថា ចំពោះមុខរបរចិញ្ចឹមខ្យងនេះ គឺបានផ្ដល់ចំណូលច្រើនគួរសមដល់គ្រួសាររបស់លោក ដោយពុំចាំបាច់ធ្វើចំណាកស្រុកនោះទេ ហើយខ្យងនេះអាចហូបដោយមានទំនុកចិត្ត ព្រោះការចិញ្ចឹមស្របតាមគោលការណ៍ត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ លោកក៏បានចែករំលែកការចញ្ចឹមទៅដល់កសិករក្នុងខេត្តផ្សេងៗ ដើម្បីអាចរកប្រាក់ចំណូលបន្ថែមទៀតផងដែរ។

ការចិញ្ចឹមខ្យង (ប្រភព៖ info.gov)

លោក សុង ឃាង ប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគិរី បានមានប្រសាសន៍ថា មុខរបរចិញ្ចឹមខ្យងធម្មជាតិមិនត្រឹមតែធានាការផ្គត់ផ្គង់ការហូបចុករបស់ប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅក្នុងខេត្ត និងបណ្តាខេត្តដទៃទៀតប៉ុណ្ណោះទេ ប៉ុន្តែបានជួយលើកកម្ពស់ជីវភាពប្រជាកសិករឲ្យកាន់តែល្អប្រសើរនៅក្នុងស្ថានភាពកម្ពុជានិងពិភពលោកកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩។

ការចិញ្ចឹមខ្យង (ប្រភព៖ កសិដ្ឋាន សាហ្វាត SAFAT Farm)

សូមបញ្ជាក់ថា កសិដ្ឋានរបស់លោកហាច ឆន មានអាងចិញ្ចឹមខ្យងចំនួន២០ អាងហើយគ្រោងពង្រីកបន្ថែមឲ្យបាន ១០០អាង ដើម្បីឆ្លើយតបទៅនឹងការផ្គត់ផ្គង់ក្នុងខេត្ត និងបណ្តាខេត្តដទៃទៀត។ បច្ចុប្បន្នលោកអាចរកចំណូលបានចន្លោះពី ៧៥០ដុល្លារ ទៅ ១,១០០ដុល្លារក្នុងមួយខែៗ។

អត្ថបទដោយ៖ Nevin

Related Articles