We TV Cambodia

ខេត្ត ២របស់កម្ពុជា រំពឹងទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន ក្រោយហេដ្ឋារចនាសម្ព័ន្ធសាងសង់រួចរាល់

ខេត្ត ២របស់កម្ពុជា រំពឹងទាក់ទាញភ្ញៀវទេសចរណ៍បានច្រើន ក្រោយហេដ្ឋារចនាសម្ព័ន្ធសាងសង់រួចរាល់

ខេត្តដែលមានសក្តានុពលធំៗ២ របស់កម្ពុជាត្រូវបានរំពឹងថានឹងអាចទាក់ទាញភ្ញៀវទេសចរណ៍ច្រើន ទាំងភ្ញៀវជាតិ និងអន្តរជាតិ បន្ទាប់ពីគម្រោងហេដ្ឋារចនាដ៏ធំក្នុងខេត្តទាំង២ នេះសាងសង់រួចរាល់។

ខេត្តចំនួន២ ដែលកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យនោះគឺ ខេត្តព្រះសីហនុ ដែលខេត្តនេះត្រូវបានរដ្ឋាភិបាលសម្រេចឲ្យសាងសង់ផ្លូវចំនួន ៣៤ខ្សែទូទាំងខេត្តនេះផងដែរ ដើម្បីឲ្យស្របជាមួយនឹងការអភិវឌ្ឍន៍ដ៏លឿនរហ័សរបស់ខេត្តមួយនេះ ពិសេសលើវិស័យសំណង់ និងឆ្នេរតែម្ដង បន្ទាប់ពីមានវិនិយោគិនចិនជាច្រើនបានសម្រុកទៅវិនិយោគក្នុងខេត្តនេះ។

ដោយឡែក ខេត្តមួយទៀតនោះគឺខេត្តសៀមរាប ដែលរដ្ឋាភិបាលបានប្រកាសពីគម្រោងសាងសង់ផ្លូវចំនួន ៣៨ខ្សែផងដែរក្នុងជុំខេត្តដែលសម្បូរដោយប្រាសាទបុរាណ និងល្បីល្បាញមួយនេះ ដោយកាលពីថ្ងៃទី៣០ ខែវិច្ឆិកា កន្លងទៅនេះ សម្ដេច ហ៊ុន សែន ទើបតែបានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចំនួន ៣៨ខ្សែ ដែលមានប្រវែង ១០៨គីឡូម៉ែត្រ និងចំណាយថវិការប្រមាណ ១៤០លានដុល្លារឯណោះ។

សូមជម្រាបថា ផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅពាក់កណ្ដាលខែមីនា ឆ្នាំ២០២១ ខាងមុខនេះហើយ ចំណែកផ្លូវចំនួន ៣៨ខ្សែទៀតក្នុងខេត្តសៀមរាបគឺទើបតែបើកការដ្ឋានសាងសង់ប៉ុណ្ណោះ នឹងគ្រោងបញ្ចប់នៅចុងឆ្នាំ២០២១ ខាងមុខផងដែរ។ បន្ទាប់ពីការសាងសង់ផ្លូវសរុប ៧២ខ្សែនេះរួច ខេត្តទាំង២ នេះរំពឹងថានឹងអាចទាញភ្ញៀវទេសចរណ៍រាប់លាននាក់បន្ថែមទៀតក្នុងមួយឆ្នាំៗ ខណៈបច្ចុប្បន្នខេត្តទាំង២ នេះគឺជាគោលដៅទេសចរណ៍ដ៏មានសក្ដានុពលរួចទៅហើយ។

អត្ថបទដោយ៖ Nevin

Related Articles