ដោយៈ ទិន សុខាវុធ
នៅក្នុងខេត្តក្រចេះមានតំបន់អេកូទេសចរណ៍ចំនួន ៣ ដែលមានសោភ័ណភាពអាចទាក់ទាញភ្ញៀវទេចរណ៍ជាតិនិងអន្តរជាតិ អោយទៅកំសាន្តនៅទីនោះបានគ្រប់ពេលវេលា។
យោងតាមលោក ទុយ សុវណ្ណា មេឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ តំបន់ទេសចរណ៍ទាំង ៣ នោះរួមមាន តំបន់រមណីយដ្ឋានអន្លង់ផ្សោតកាំពី តំបន់រមណីយដ្ឋានទឹកឈូរស្ថិតក្នុងក្រុងក្រចេះ និងតំបន់រមណីយដ្ឋានទឹកឈូរក្នុងស្រុកចិត្របុរី មានសក្តានុពលខ្លាំងក្នុងការទាក់ទាញភ្ញៀវទេសចរណ៍អោយមកលេងកំសាន្ត។
លោកមេឃុំរូបនេះ បានបន្ថែមទៀតថា តំបន់ទេសចរណ៍ទាំងនោះកើតមានឡើងតាំងទសសវត្សទី ៦០ មកម្លេះ ដែលនៅពេលនោះភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ មកលេងនៅទីនោះ មានទាំងជិះរថយន្ត និងម៉ូតូគ្រប់ប្រភេទ ដែលនៅពេលនោះ ប្រទេសកម្ពុជាយើងក៏មានសុខសន្តិសភាពដូចជាសព្វថ្ងៃនេះដែរ។
ចំណែកឯលោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះវិញ បានអោយដឹងថា នៅក្នុងឱកាសពិធីបុណ្យសកល ២០២០ នេះមានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិជាច្រើននាក់បានមកលេងនៅតាមតំបន់ទេសចរណ៍នានា នៅក្នុងខេត្តរបស់លោក។
បើតាមលោក ជួប រតនា នៅថ្ងៃឆ្លងឆ្នាំកន្លងទៅនេះ កំណើនភ្ញៀវទេចរណ៍កើនឡើងប្រមាណជា ១០% ចំណែកឯកំណើននៃភ្ញៀវទេសចរណ៍អន្តរជាតិវិញ មានការកើនឡើងប្រមាណជា ៥% ។ ហើយទោះបីជាអាជ្ញាធរខេត្តក្រចេះមិនបានរៀបពិធីអ្វីអោយធំដុំយ៉ាងណាក៏ដោយ ក៏ភ្ញៀវទេសចរណ៍ទាំងនោះបានមកលេងខេត្តរបស់លោក ដោយការដើរលេងមានលក្ខណៈជាក្រុម និងការបោះជំរំនៅលើកោះទ្រង់ជាដើម៕
