We TV Cambodia

ខេត្តរតនគិរី រៀបចំបើកសាលារៀនឡើងវិញគ្រប់កំរិត ជាមួយវិធានការខ្ពស់ទប់ស្កាត់កូវីដ១៩

ខេត្តរតនគិរី រៀបចំបើកសាលារៀនឡើងវិញគ្រប់កំរិត ជាមួយវិធានការខ្ពស់ទប់ស្កាត់កូវីដ១៩

អត្ថបទដោយ៖ រដ្ឋ ស្រីពេជ្រ

រតនគិរី៖ រដ្ឋបាលខេត្តរតនគិរី  បានរៀបចំបើកសាលារៀនឡើងវិញគ្រប់កំរិត ជាមួយវិធានការខ្ពស់ និងការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត ក្រុង ស្រុកក្រោយពីរាជរដ្ឋាភិបាលបានសម្រេចបើកឱ្យចូលរៀនឡើងវិញដំណាក់កាលទី២ សាលារៀននានាសរុប ៣៣សាលា នៅក្នុងខេត្តរតនគិរី។ នេះបើតាមរដ្ឋបាលខេត្តរតនគិរី ព្រឹកថ្ងៃ០៨ កញ្ញា ឆ្នាំ២០២០។

កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ថ្ងៃម្សិលមិញនេះ គ្រឹះស្ថានអប់រំ នៅខេត្តរតនគិរី បានចាប់ផ្តើមទទួលសិស្សចូលរៀនឡើងវិញគ្រប់កម្រិតសិក្សា ដោយមុននឹងដំណើរការទទួលសិស្សចូលរៀន អាជ្ញាធរខេត្ត ក្រុង ស្រុក និងអង្គផាពពាក់ព័ន្ធទាំងអស់បានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំឧបករណ៍ សម្ភារ សម្រាប់បង្ការជំងឺកូវីដ-១៩ និងការបាញ់ថ្នាំសម្លាប់មេរោគនៅតាមបន្ទប់រៀនជាដើម។

ទន្ទឹមនឹងនេះ ដើម្បីធានាឲ្យការសិក្សាឡើងវិញរបស់សិស្សានុសិស្ស ក្នុងដំណាក់កាលទី២ ប្រកបដោយភាពជឿជាក់និងទុកចិត្តបានពីការឆ្លងរីករាលដាលវីរុសរលាកផ្លូវដង្ហើមប្រភេទថ្មី(កូវីដ-១៩)ស្របតាមការណែនាំរបស់ក្រសួងអប់រំ និងក្រសួងសុខាភិបាល  អភិបាលខេត្តរតនគិរី បានអញ្ជើញចុះពិនិត្យមើលស្ថានភាពសិក្សានិងចែកម៉ាស់ជូនសិស្សានុសិស្ស និងឧបករណ៍វាស់កម្តៅដល់វិទ្យាល័យសម្តេចឪ-សម្តេចម៉ែ ស្ថិតក្នុងក្រុងបានលុង។

អភិបាលខេត្ត ក៏បានទទូចឱ្យលោកនាយក លោកគ្រូ អ្នកគ្រូទាំងអស់ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការការពារជំងឺកូវីដ-១៩ ដោយសាលាទាំងអស់ត្រូវរក្សាអោយបាននូវអនាម័យ បរិស្ថានល្អ ក្នុងបរិវេណសាលា ជាពិសេសនៅក្នុងបន្ទប់នីមួយៗត្រូវដាក់ចំនួនសិស្សតាមការណែនាំរបស់ក្រសួង ចំនួន២០-២៥នាក់ ព្រមទាំងត្រូវដាស់តឿនក្រើនរំឮកសិស្សានុសិស្សគ្រប់ពេលវេលា មុនចូលសិក្សាធ្វើការបាញ់កម្តៅនិងត្រូវលាងដៃឱ្យបានស្អាតជាមួយនឹងអាល់កុល ជែល ដើម្បីការពារទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងរីករាលដាលនៅតាមសាលា រៀនសហគមន៍៕

 

Related Articles