We TV Cambodia

ខេត្តរតនគិរី នឹងរៀបចំខ្លួនតាមផែនការ៥ចំណុច ដើម្បីទាក់ទាញទេសចរ

ខេត្តរតនគិរី នឹងរៀបចំខ្លួនតាមផែនការ៥ចំណុច ដើម្បីទាក់ទាញទេសចរ

ដោយ៖ពេជ្រ

រតនគិរី៖ មន្ទីរទេសចរណ៍ខេត្តរតនគិរី  នឹងត្រៀមខ្លួនទាក់ទាញភ្ញៀវទេសចរឱ្យបាន៣០ម៉ឺននាក់ ក្នុងមួយឆ្នាំ តាមរយៈផែនការ៥ចំណុច ដើម្បីជួយបង្កើនចំណូលសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពប្រសើរឡើង ។

ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងថា ផែនការទាំង៥ចំណុចសំខាន់ៗនោះរួមមាន ទី១ធ្វើយ៉ាងណាអភិរក្សនិងអភិវឌ្ឍតំបន់រមណីយដ្ឋានឱ្យប្រកបទៅដោយគុណភាពនិងនិរន្តរភាព ហើយទី២សិក្សាស្វែងរកសក្កានុពលវិស័យទេសចរណ៍ថ្មីបន្ថែម ដើម្បីចងក្រងជាសហគមន៍អេកូទេសចរណ៍  ទី៣មានការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់វិស័យទេសចរណ៍ ទី៤ពង្រឹងគុណភាពវិស័យទេសចរណ៍ដែលមានស្រាប់ និងទី ៥ នឹងផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងយេនឌ័រនិងពាក់ព័ន្ធទៅផ្នែកច្បាប់។

លោកបន្តថា បើតាមផែនការ ៥ឆ្នាំរំកិល មន្ទីរក៏បានដាក់ចេញនូវទិសដៅជាច្រើនដូចជា ពង្រឹងបន្ថែមទៅលើសេវាកម្មទេសចរណ៍ ពង្រឹងគុណភាពផលិតផលទេសចរណ៍ និងការបណ្ដុះបណ្ដាលធនធានផ្នែកវិស័យទេសចរណ៍ គឺបុគ្គលិកម្នាក់ជំនាញមួយ គឺតម្រូវឱ្យពួកគាត់រៀនជំនាញឱ្យបានច្បាស់លាស់ ដើម្បីបម្រើសេចក្តីត្រូវការរបស់ភ្ញៀវទេសចរ ស្របតាមស្ដង់ដារ និងទំនួលខុសត្រូវ ធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរមានទំនុកចិត្ត មកលេងម្ដងហើយ ចង់មកម្តងទៀត ។សូមបញ្ជាក់ថា កាលពីឆ្នាំ២០២០កន្លងទៅ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរសរុបជាង ២០ម៉ឺននាក់ ទោះបីស្ថិតក្នុងបរិបទជំងឺកូវីត-១៩ក៏ដោយ៕

ប្រភព៖ AKP

 

Related Articles