We TV Cambodia

ខេត្ត ព្រះសីហនុ មានអគារសង់រួច កំពស់ចាប់ពីប្រាំជាន់ឡើងទៅ ចំនួន ២២៩ អគារ

ខេត្ត ព្រះសីហនុ មានអគារសង់រួច កំពស់ចាប់ពីប្រាំជាន់ឡើងទៅ ចំនួន ២២៩ អគារ
រូបថតៈ ក្រសួងសាធារណការ និង ដឹកជញ្ជូន

 
 

ដោយៈ ទិន សុខាវុធ

នៅក្នុង​សន្ទរកថា​សម្ពោធ​បើក​ការសាងសង់​ផ្លូវ​ចំនួន៣៤ នៅ​ក្នុង​ក្រុង​ ព្រះ​សីហនុ កាល​ពី​ថ្ងៃ​ សៅរិ៍ ទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៩នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត ព្រះ​សីហនុ មាន​អគារ​​សង់​រួច​​ ​កំពស់​ចាប់​ពី​ប្រាំ​ជាន់​ឡើង​ទៅចំនួន ២២៩ អគារ ហើយ​​បើ​រាប់​ទាំងអគារ​​ដែល​​​ស្ថិត​នៅ​ជា​គំរោង​នៅ​ឡើយ គឺសរុប​មាន​ចំនួនច្រើន​ជាង ៨០០ អគារ​។

លោក​នាយក​រដ្ឋ​មន្ត្រី​​បាន​លើក​ឡើង​បន្ថែម​​ទៀត​ថា ដោយ​នៅ​ក្នុង​ក្រុង ​ព្រះ​សីហនុ​ មាន​គារ​​ខ្ពស់​ៗ​​និង​ទំនើប​ៗ​ដុះ​ឡើង​ដូច​ផ្សិត កត្តា​នេះ​ទាមទារ​ចាំបាច់​ត្រូវ​សង់​ប្រព័ន្ធ​ផ្លូវ​ថ្នល់​ក្នុង​ទីក្រុង​​នេះ អោយ​សមស្រប​ទៅតាម​សោភ័ណភាព​របស់​អគារ​ទាំងនោះ​។

ជាក់ស្តែង សណ្ឋាគារលំដាប់ផ្កាយ​ប្រាំ​មួយ​មានឈ្មោះថា Sunshine Bay នៅ​ក្នុង​ ព្រះ​សីហនុ ត្រូវ​បានសង់​រួច​និង​សម្ពោធ​ដាក់អោយ​ដំណើរការ កាលពី​ខែ​ តុលា​ ឆ្នាំ ២០១៩ កន្លង​ទៅ​។ សណ្ឋាគារនោះមាន​កំពស់​ប្រាំ​ជាន់ និង​មាន ២២២ បន្ទប់ ដែល​អាច​បង្កើតការងារ​បានចំនួន ១,៥០០ កន្លែង​ សំរាប់ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​នោះ​។

រូបថតៈ Facebook ក្រសួងទេសចរណ៍

ដូចគ្នា​ដែរ ផ្សារ​ទំនើប​ដ៏​ទាន់់សម័យ​មានឈ្មោះថា FURI Times Square Mall ​នៅ​ក្នុង​ក្រុង​ ព្រះ​សីហនុ ត្រូវ​បាន​សង់​រួច​ និងត្រូវ​សម្ពោធ​ដាក់អោយ​ដំណើរការ​នៅ​ចុង​ខែ ធ្នូ ខាងមុខ​នេះ​។

បើនិយាយ​ពី​ផ្លូវ​ថ្នល់​ទាំង ៣៤ ខ្សែ​ដែល​នឹង​ត្រូវ​សាងសង់​នៅ​ក្នុង​ក្រុង​ ព្រះ​សីហនុ អោយ​សមស្រប​ទៅតាមភាព​ទាន់សម័យ​របស់​អគារ​ដ៏​ទំនើបៗ​ទាំងនោះ​វិញ សម្តេច ហ៊ុន សែន បាន​ថ្លែង​អោយ​ដឹង​ថា រដ្ឋាភិបាល​របស់​លោក​គ្រោង​នឹង​ចំណាយ​ថវិកា​ចំនួន​ប្រមាណ​ជា $294 លាន​ដុល្លារ​សំរាប់​​ធ្វើ​ផ្លូវ​ទាំង ៣៤ ខ្សែ​នោះ ដែល​នឹង​​មាន​ប្រវែង​សរុប​ប្រមាណជា ៨៤ គីឡូម៉ែត្រ។

យោង​តាម​លោកនាយក​រដ្ឋ​មន្ត្រី  រដ្ឋាភិបាល​របស់​លោក​នឹង​យក​ក្រុង ព្រះ​សីហនុ ធ្វើ​ជា​ទីក្រុង​គំរូ​សំរាប់​ការអភិវឌ្ឍ​​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​ទីក្រុង​ផ្សេង​ៗ​ទៀត​​​នៅ​ក្នុង​​ប្រទេស​កម្ពុជា​។ លើស​ពី​នេះ​ទៀត សម្តេច ហ៊ុន សែន ក៏​បាន​បង្ហើបអោយ​ដឹង​ផង​ដែរ​ថា រាជ​រដ្ឋាភិបាល​បច្ចុប្បន្នក៏​មាន​បំណង​ប្រាថ្នា​ចង់​ប្រែក្លាយ​ក្រុង​ ព្រះ​សីហនុ អោយ​ទៅ​ជា​ទីផ្សារ​ហិរញ្ញវត្ថុអន្តរជាតិ​ ដ៏​គួរ​អោយ​ទុកចិត្ត​មួយ​ ដូច​ជា​ក្រុង ហុងកុង​ ផង​ដែរ៕

Related Articles