We TV Cambodia

ខេត្តព្រះសីហនុនឹងមានឆ្នេរដ៏ស្រស់ស្អាតមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នាពេលខាងមុខ

ខេត្តព្រះសីហនុនឹងមានឆ្នេរដ៏ស្រស់ស្អាតមួយទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍នាពេលខាងមុខ
ឆ្នេរពយជំទាវម៉ៅ (ប្រភព៖ info.gov)

ឆ្នេរពយជំទាវម៉ៅ នឹងក្លាយជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាតមួយ ដែលមានសក្តានុពល និងជួយទាក់ទាញភ្ញៀវទេសចរណ៍ឲ្យមកកំសាន្តក្នុងខេត្តព្រះសីហនុកាន់តែច្រើនថែមទៀតនាពេលខាងមុខ ខណៈឆ្នេរនេះកំពុងត្រូវបានរៀបចំហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

ឆ្នេរពយជំទាវម៉ៅ (ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ)

លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានឲ្យដឹងថា អាជ្ញាធរខេត្តបានសហការជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការរៀបចំផែនការមេ ដើម្បីឱ្យឆ្នេរពយជំទាវម៉ៅនេះកាន់តែមានភាពទាក់ទាញ។  តាមផែនការអាជ្ញាធរនឹងរៀបចំតុបតែងហេដ្ឋារចនាសម្ព័ន្ធសួនច្បារ បន្ទប់ទឹក និងការដាក់ពង្រាយធុងសំរាមឱ្យត្រឹមត្រូវបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន។

ឆ្នេរពយជំទាវម៉ៅ (ប្រភព៖ info.gov)

លោកបន្តទៀតថា យើងនឹងរៀបចំឆ្នេរពយជំទាវម៉ៅឲ្យទៅជារមណីយដ្ឋានឆ្នេរ ដែលមានសកម្មភាពកម្សាន្ត Beach Volleyball អាចមានកន្លែងភ្ញៀវគេង កន្លែងប្រកួតកីឡា ការរៀបចំពិពណ៌ផ្សេងៗ និងមានចំណតរថយន្ត ចំណតម៉ូតូ បន្ទប់ទឹកស្អាតហើយអាចនឹងសិក្សារៀបចំទៅ Food street ស្ដថែមទៀតផង ។

ឆ្នេរពយជំទាវម៉ៅ (ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ)

លោកប្រធានមន្ទីរ ក៏បានបញ្ជាក់ទៀតថា ក្រៅពីនេះ ឆ្នេរជំទាវម៉ៅត្រូវបានរដ្ឋបាលខេត្តរៀបចំអភិវឌ្ឍឆ្នេរសមុទ្រជាបន្តបន្ទាប់ដូចជាឆ្នេរអារីស្តុន ឆ្នេរអូរត្រេះ និងឆ្នេរអូរឈើទាលជាដើម។ មិនតែប៉ុណ្ណោះ ឆ្នេរពយជំទាវម៉ៅ  ជាឆ្នេរមួយដែលយើងមិនធ្លាប់មានពីមុនមកទេ  ដោយសារតែឆ្នេរមួយនេះមានលក្ខណៈធំទូលាយ មានរុក្ខជាតិបែបធម្មជាតិដ៏ស្រស់ស្អាតនៅអមតាមមាត់ឆ្នេរ និងមានប្រវែងរហូតទៅដល់ជិត ១៣គីឡូម៉ែត្រឯណោះ៕

អត្ថបទដោយ៖ Nevin

Related Articles