វិនិយោគចិនចាប់ផ្ដើមត្រឡប់មកខេត្តព្រះសីហនុវិញជាបណ្ដើរៗហើយ ដោយមានជើងហោះហើរត្រង់ពីចិនមកកម្ពុជាចំនួន ៤ជើងឯណោះក្នុងមួយសប្ដាហ៍។ នេះបើតាមការឲ្យដឹងពី លោកនងឌី ណារ៉ា ប្រធានការិយាល័យទំនាក់ទំនងសាធារណៈនៃទីចាត់ការពិធីការ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
តាមការប៉ាន់ស្មាន អ្នកដំណើរទាំងអស់មានចំនួនប្រមាណ ៣០០ ទៅ ៤០០នាក់ និងបានធ្វើការត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់ពីមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ ដោយតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃនៅក្នុងទីតាំងដែលកំណត់ដោយរដ្ឋបាលខេត្ត។ លោកក៏ជឿជាក់ដែរថា ការវិលត្រឡប់មកវិញរបស់ជនជាតិចិន នឹងធ្វើសណ្ឋាគារ ភោជនីដ្ឋាន អ្នកលក់បន្លែ ត្រី សាច់ មធ្យោបាយដឹកជញ្ជូនមានដំណើរការឡើងវិញ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឲ្យដឹងថា ការរីករាលដាលនៃ COVID-19 បានធ្វើឲ្យវិស័យអចលនទ្រព្យក្នុងខេត្តព្រះសីហនុទាំងមូលត្រូវគាំង ហើយការវិលត្រឡប់មកវិញរបស់ជនជាតិចិននេះ មិនទាន់អាចស្ដារទីផ្សារអចលនទ្រព្យឲ្យមានសន្ទុះឡើងវិញភ្លាមៗនោះទេ ពោលគឺវាត្រូវការពេលបន្ថែមទៀត។
លោកបន្តថា ក្រៅពីវិស័យអចលនទ្រព្យ និងសំណង់ វិស័យផ្សេងៗទៀតក៏ត្រូវបានផ្ងាលដំណើរការផងដែរក្នុងកំលុងពេល COVID-19 ដែលវាធ្វើឲ្យផលប៉ះពាល់កាន់តែមានភាពធ្ងន់ធ្ងរ។ ប៉ុន្តែ បើ COVID-19 ត្រូវបានទប់ស្កាត់ និងបញ្ឃប់ការរីករាលដាលនៅក្នុងប្រទេសចិន និងបណ្ដាប្រទេសផ្សេងៗទៀតក្នុងតំបន់ វិស័យអចលនទ្រព្យ និងវិស័យដទៃទៀតក្នុងប្រទេសកម្ពុជានឹងអាចងើបឡើងវិញ។
សូមបញ្ជាក់ថា ខេត្តព្រះសីហនុជាខេត្តមួយដែលមានវិនិយោគចិនទៅធ្វើការវិនិយោគច្រើនជាងគេ ក្នុងចំណោមខេត្តទាំងអស់ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែក្រោយពីមានការផ្ទុះរីករាលដាលនៃជំងឺ COVUD-19 មក អាជីវកម្មស្ទើរតែទាំងស្រុងក្នុងខេត្តនេះត្រូវបានផ្អាក និងបិទដំណើរការ ដោយសារតែការវិលត្រឡប់ទៅវិញរបស់ជនជាតិចិន។
អត្ថបតដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក